ព័ត៌មាន
កម្ពុជា ជួបទីម័រល្ងាចនេះ ខណៈបើឈ្នះឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពាន ASEAN Women’s Cup
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសនារីទីម័រខាងកើត នាវេលាម៉ោង ៣:៤៥នាទីរសៀល(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។
នេះគឺជាការប្រកួតបើកឆាកពូលB របស់ក្រុមជម្រើសជាតិនារីកម្ពុជា ដែលមានបេក្ខភាព ៣ក្រុម ត្រូវប្រកួតប្រជែង ដូចពូលA ដែរ ។ ប៉ុន្ដែប្រសិនបើក្រុមបាល់ទាត់នារីកម្ពុជា អាចយកឈ្នះការប្រកួតល្ងាចនេះ ពួកគេនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ដ្បិតទីម័រខាងកើត បានរងបរាជ័យ ១ប្រកួតមកហើយ ក្រោមថ្វីជើងក្រុមជម្រើសជាតិនាទីឥណ្ឌូនេស៊ី ២-០ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ។
បន្ទាប់ពីបញ្ចប់ការប្រកួតទល់ក្រុមជម្រើសជាតិនារីទីម័រខាងកើត នារសៀលនេះ ក្រុមកីឡាការិនីកម្ពុជា នឹងត្រូវជួបប្រកួតបញ្ចប់ពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី វិញម្ដង នាថ្ងៃទី១៦ ខែកក្កដាខាងមុខ។
លោក Yasuhiro Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយទំនុកចិត្តលើកូនក្រុម ដោយលោកសង្កត់ធ្ងន់ថា កម្ពុជាមានក្រុមមួយដែលល្អ ជាពិសេសកាលពីប្រកួតកន្លងទៅ ក្រុមទាំងមូល ពិតជាធ្វើបានល្អ ហើយលោកចង់ឲ្យក្រុមធ្វើឲ្យកាន់តែល្អជាងមុនទៀត សម្រាប់ការប្រកួតទាំងអស់ក្នុងយុទ្ធនាការប្រកួតពានប្រចាំតំបន់មួយនេះ។
លោកបានរក្សានូវកីឡាការិនីល្អៗ ជាពិសេសពួកគេមានបទពិសោធន៍រួចហើយ កាលពី ២ឆ្នាំមុន ដែលជួយឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានជើងឯករងនៅក្នុងព្រឹត្តិការណ៍នេះ។ ការណ៍នេះ ក្រុមទាំងមូល ប្ដេជ្ញានឹងខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុត និងខំប្រឹងប្រែងគ្រប់ការប្រកួតទាំងអស់ ដើម្បីយកជ័យជម្នះជូនជាតិមាតុភូមិ។
គួរដឹងថា ពានរង្វាន់កម្រិតទី២ ប្រចាំតំបន់នេះ មានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល គ្រាដែលពូលA មានម្ចាស់ផ្ទះម៉ាឡេស៊ី ឡាវ និងសិង្ហបុរី ។ ក្រោយបញ្ចប់ការប្រកួតក្នុងពូល ក្រុមឈរលេខ១ និងលេខ២ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២២ ខែកក្កដាខាងមុខ។
ក្រោយបញ្ចប់ការប្រកួតនេះដែរ សម្រាប់ក្រុមឈរលេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី១ ប្រចាំតំបន់អាស៊ាន ASEAN Women’s Championship នាឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣