Connect with us

កីឡា

កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហ្វីលីពីន បើឆាកពូលA ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៥៖៣០នាទីល្ងាច ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅកម្ពុជា នាមជ្ឈមណ្ឌលកីឡា Condon City។

នេះជាការប្រកួតដំបូង ក្នុងចំណោម ២ប្រកួត នៃពូល A ដែលក្រុមបាល់ទះកម្ពុជា ត្រូវឆ្លងកាត់ មុនជំនួបបន្ទាប់ ដោយត្រូវជួបក្រុមខ្លាំងប្រចាំតំបន់ឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែកក្កដាស្អែក ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សម្រាប់ប្រវត្តិជួបគ្នាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ ៤លើកចុងក្រោយ កម្ពុជា និងហ្វីលីពីន បានទទួលជ័យជម្នះ ២ប្រកួតរៀងៗខ្លួន ក្នុងនោះស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កម្ពុជាឈ្នះហ្វីលីពីន ៣-១សិត ខណៈស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា បន្ដឈ្នះហ្វីលីពីន ៣-០សិត តែជួបគ្នា ២លើកចុងក្រោយក្នុងពានរង្វាន់ SEA V.League កាលពីឆ្នាំ២០២៥ ហ្វីលីពីន បានយកឈ្នះវិញ ៣-២សិត នៅជុំទី១ និងឈ្នះ ៣-១សិត នៅជុំទី១។ ដូច្នេះចាំមើលតើរដូវកាលថ្មីនេះ កម្ពុជា នឹងអាចវាយបកឈ្នះហ្វីលីពីនវិញបានដែលឬទេ?

គួរដឹងថា នេះជាលើកទី២ ហើយ ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ បន្ទាប់ពីការចូលរួមលើកដំបូង ទទួលបានលទ្ធផលមិនសមប្រកប ដោយរងបរាជ័យ ៨ប្រកួត ក្នុងការប្រកួតទាំង ២ជុំ កាលពីរដូវកាលមុន ។

ចំណែករដូវកាលថ្មីនេះ ការប្រកួតត្រូវបានអនុវត្តតាមរូបមន្ដថ្មី ក្រោយបន្ថែមសមាជិកថ្មីមីយ៉ាន់ម៉ា ធ្វើឲ្យកើនបេក្ខភាពដល់ ៦ក្រុម និងបែងចែកជា ២ពូល។ ជុំទី១ នឹងត្រូវធ្វើការប្រកួតនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា និងជុំទី២ ត្រូវប្រកួតនៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។  ក្នុងការប្រកួតជុំនីមួយៗ ត្រូវអនុវត្តរូបមន្ដប្រកួតវិលជុំក្នុងពូល ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គខ្វែង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងពានប្រចាំជុំនីមួយៗតែម្ដង៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia