Connect with us

ព័ត៌មាន

អ្នកដើរព្រៃបានរកឃើញបង្គួយបន្លាភ្នំ ឬ បង្គួយស្នែង នៅក្នុងតំបន់ការពារធម្មជាតិ

មើលភ្លាមហាក់ដូចជាកូនដាយណូស័រសម័យដើម។ ប៉ុន្តែវាមិនមែននោះទេ តែក៏មិនមែនជាសត្វចម្លែកដែរ។ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃ បានប្រទះឃើញ កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់១ ៥៥១ ម ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រុមអ្នកដើរព្រៃបានឱ្យដឹងថា ពួកគាត់បានជួបប្រទះសត្វបង្គួយចម្លែក ដែលមិនសូវមានឃើញប្រភេទសត្វនេះ ពីជីវៈចម្រុះដទៃ ពុំធ្លាប់ឃើញមាននៅតាមតំបន់ការពារផ្សេងទៀតនៅកម្ពុជា។

បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានគេស្គាល់ មានឈ្មោះវិទ្យាសាស្ត្រ៖ Acanthosaura ដែលគេច្រើនស្គាល់ថា Mountain Horned Dragon។

លក្ខណៈសម្គាល់ពិសេសរបស់វាមានដូចជា៖ ស្នែង និងបន្លាស្រួចៗដុះនៅពីលើក្បាល (មើលទៅដូចស្នែង) និងមានជួរបន្លាវែងៗដុះតាមបណ្តោយខ្នង។ ខ្លួនវាមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឱ្យវាអាចបន្លំខ្លួនបានយ៉ាងល្អជាមួយមែកឈើ ឈើស្ងួត និងមជ្ឈដ្ឋានជុំវិញក្នុងព្រៃបាន។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំ ឬកន្លែងដែលមានសំណើមខ្ពស់ និងត្រជាក់។ សត្វប្រភេទនេះមិនមានពិស ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយវាស៊ីសត្វល្អិតតូចៗជាអាហារ។

សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជា គឺជាមរតកធម្មជាតិដ៏មានតម្លៃ និងជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ ។ តំបន់ការពារធម្មជាតិ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤១% នៃផ្ទៃដីប្រទេស។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia