ព័ត៌មាន
ក្រុមហ៊ុន Haier Group ចិន ចាប់ដៃគូជាមួយនៅកម្ពុជាបង្កើតរោងចក្រដំឡើងឧបករណ៍ Tablet ដំបូងនៅកម្ពុជា
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារៈសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ននេះ, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងជាង ៦០ ប្រទេស និងមានអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនប្រមាណ ៤៤ លាននាក់ នៅជុំវិញពិភពលោក។
បន្ថែមពីនេះ, លោកអនុប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ក្នុងគោលបំណងផ្តល់នូវឧបករណ៍អេឡិចត្រូនិកថេប្លេត (Tablet) ដែលមានតម្លៃសមរម្យ ទៅដល់សិស្ស-និស្សិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកាន់តែទូលំទូលាយនូវការប្រើប្រាស់សម្ភារៈឌីជីថល និងការសិក្សាពីចម្ងាយផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្ដល់ការគាំទ្រ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យនៃបណ្តាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ និងសម្តែងការស្វាគមន៍ចំពោះគម្រោងផលិតថេប្លេតតម្លៃសមរម្យ ដែលការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាស និងអត្ថប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តទាំងនោះ ក្នុងការជំរុញ និងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣