Connect with us

ព័ត៌មាន

ព្រះនាង នរោត្ដម ជេនណា នឹងយាងបង្ហើរព្រះសំនៀង អបអរពិធីបើពានបាល់ទាត់អាស៊ាន នៅកម្ពុជា នាសប្ដាហ៍ក្រោយ

សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) បានសម្រេចជ្រើសរើសប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Hyundai Cup ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់នេះ ស្របពេលក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិសិង្ហបុរីមុនគេ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍បាល់ទាត់កម្រិតទី១ នៅអាស៊ាននេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ សហការជាមួយម្ចាស់ផ្ទះកម្ពុជា នឹងមានរៀបចំនូវកម្មវិធីអមជាច្រើន ពិសេសគឺនឹងមានការយាងចូលរួមសម្ដែង និងបង្ហើរព្រះសំនៀងផ្ទាល់ព្រះហត្ថពីព្រះនាង នរោត្ដម ជេនណា ព្រមទាំងលោក សុខ សម្បត្តិ និងសិល្បៈករ-សិល្បៈការិនីផ្សេងៗទៀត ក្នុងការចូលរួមសម្ដែងនូវទស្សនីយភាពសិល្បៈ ទាំងការសម្ដែងបែបវប្បធម៌ និងសម័យទំនើបផងដែរ។

ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ មានថ្លែងយ៉ាងដូច្នេះថា ពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍នេះ បានរួមចំណែកភ្ជាប់ប្រជាជនអាស៊ាន តាមរយៈកីឡាបាល់ទាត់អស់រយៈពេល ៣០ឆ្នាំមកហើយ ហើយការប្រារព្ធខួបលើកនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលបង្ហាញពីវប្បធម៌ និងអនាគតដ៏ភ្លឺស្វាងរបស់បាល់ទាត់អាស៊ាន ។ ការណ៍នេះ ទើបជំរុញឲ្យស្ថាប័នកីឡាប្រចាំតំបន់នេះ ផ្ដោតការយកចិត្តទុកដាក់ពិសេស តាមរយៈការរៀបចំពិធីបើកការប្រកួតឆ្នាំ២០២៦ នៅកម្ពុជា ដើម្បីរំលឹកដំណើររយៈពេល ៣០ឆ្នាំកន្លងមក និងបង្ហាញពីក្តីសង្ឃឹមជំនាន់ថ្មីនៃបាល់ទាត់អាស៊ានផងដែរ។

គួរដឹងថា នៅក្នុងយុទ្ធនាការប្រកួតជើងឯក ASEAN Hyundai Cup ឆ្នាំ២០២៦ នេះ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូលB មានម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ ក្នុងចំណោម ៤ប្រកួត នៃពូលA កម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត ក្នុងនោះរួមមានជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងជួបទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា គ្រាដែល ២ប្រកួតទៀត ត្រូវលេងក្រៅដី រួមមានជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា  និងជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia