Connect with us

កីឡា

មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ

លោកស្រី Li Cuixian អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្ដូរកីឡាអន្ដរជាតិ នៃនាយកដ្ឋានកីឡាខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការភ្ញាក់ផ្អើល និងសរសើរពីភាពអស្ចារ្យនៃទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ដែលលោកស្រីអាចរៀនសូត្រពីចំណុចល្អៗមួយចំនួន សម្រាប់ព្រឹត្តិការណ៍កីឡានៅខេត្តរបស់ខ្លួន។

ការលើកឡើងនេះ បន្ទាប់ពីលោកស្រីបានដឹកនាំប្រតិភូ និងអត្តពលិកមកពីតាលីម៉ារ៉ាតុង នៃខេត្តយូណាន ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ លើទឹកដីអង្គរ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ៦,៥០០នាក់ មកពី ៥១ប្រទេសចូលរួម។

ទន្ទឹមជាមួយដំណើរការចូលរួមនេះ លោកស្រីបានលើកឡើងពី ៣ចំណុច ដែលផ្ដល់ភាពងាយស្រួលដល់ការចូលរួមរត់ម៉ារ៉ាតុងនៅកម្ពុជា ទី១ ការធ្វើដំណើរផ្ទាល់ពីចិន មកខេត្តសៀមរាប ទី២ ការលើកលែងវិសារ និងទី៣ កិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង។

លោកស្រី Li Cuixian បន្ដថា នេះជាលើកដំបូង ដែលលោកស្រីមកកម្ពុជា ហើយលោកស្រីពិតជាភ្ញាក់ផ្អើល ចំពោះភាពអស្ចារ្យនៃតំបន់អង្គរ ជាមួយព្រឹត្តិការណ៍ដ៏ល្អនៅទីនេះ ដែលធ្វើឲ្យដកជាប់ក្នុងចិត្តលោកស្រី តាមរយៈការរត់ជាមួយធម្មជាតិ និងវប្បធម៌ដ៏ចំណាស់ ដែលលោកស្រីអាចរៀនសូត្រ និងផ្លាស់ប្ដូរគ្នាទៅវិញទៅមក។ បន្ថែមលើនេះ លោកស្រីបានប្ដេជ្ញានឹងបង្កើនទំនាក់ទំនងកាន់តែស្អិតរមួតទាក់ទងនឹងវប្បធម៌ កីឡា និងទេសចរណ៍។

គួរដឹងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយភាគីពាក់ព័ន្ធ រួមទាំងកិច្ចសហការជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង បានជំរុញឲ្យទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំនេះ មានកំណើនអ្នកចូលរួម ២៥% បើធៀបកាលពីឆ្នាំមុន ក្នុងនោះជនបរទេសចូលរួមច្រើនជាងគេ គឺមានចិន ជប៉ុន និងអង់គ្លេស៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia