Connect with us

ព័ត៌មាន

ធនាគារជាតិតម្រូវឱ្យអនុវត្តប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារតាមថ្នាល NBCP គ្រប់​គ្រឹះស្ថាន​ធនាគារ

ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យគ្រប់គ្រឹះស្ថានធនាគារ ដែល​មាន​ប្រតិបត្តិការ​ប្រាក់​បញ្ញើ​អន្តរ​ធនាគារ ​ចូលរួមអនុវត្តប្រតិបត្តិការ​នៅលើថ្នាល NBCP ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម លើ​ការ​លើកលែងកាតព្វកិច្ចរាយការណ៍ អំពីទិន្នន័យប្រតិបត្តិការប្រាក់បញ្ញើ អន្តរធនាគារ និង​ទទួល​បាន​ស្ថិតិ​ទីផ្សារ​ប្រាក់បញ្ញើអន្តរធនាគារ។

ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំស្តីពីការប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) សម្រាប់ប្រតិបត្តិការប្រាក់ បញ្ញើអន្តរធនាគារ ដែលថ្នាលមួយនេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យដំណើរការមុខងារប្រាក់បញ្ញើអន្តរធនាគារ ចាប់តាំងពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០២៤ ក្នុងគោលបំណងនៃការបង្កើតមុខងារប្រាក់បញ្ញើអន្តរធនាគារនៅលើថ្នាល NBCP គឺ​ដើម្បី​លើក​កម្ពស់ ប្រសិទ្ធភាព សុវត្ថិភាព និងភាពត្រឹមត្រូវនៃការធ្វើប្រតិបត្តិការអន្តរធនាគារ ព្រម​ទាំង​សម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថាន ការតាមដាន ការផ្ទៀងផ្ទាត់ និងការគ្រប់​គ្រង​ទិន្នន័យ​របស់​គ្រឹះ​ស្ថានធនាគារដែលបានធ្វើប្រតិបត្តិការនៅលើថ្នាល NBCP។

លើសពីនេះ, ការចូលរួមប្រើប្រាស់ផ្ទាលនេះ គឺជាការចូលរួមអភិវឌ្ឍទីផ្សារអន្តរធនាគារ និង​ជួយ​ឱ្យ​ធនាគារជាតិនៃកម្ពុជា ប្រមូលបានទិន្នន័យទីផ្សារពេញលេញ ត្រឹមត្រូវ និងទាន់ពេលវេលា ដែលជា​ធាតុចូលសំខាន់ក្នុងការបង្កើតអត្រាការប្រាក់យោងជា ប្រាក់រៀល សម្រាប់​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និងអ្នកចូលរួមក្នុង ទីផ្សារហិរញ្ញវត្ថុប្រើប្រាស់ជាមូលដ្ឋានក្នុងការគណនា និង​កំណត់​អត្រា​ការប្រាក់សម្រាប់ផលិតផលហិរញ្ញវត្ថុ ផ្សេងៗរបស់ខ្លួនតាមការគួរ។

ជុំវិញការផ្តល់សារៈសំខាន់ខាងលើនេះ, ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យ គ្រប់​គ្រឹះ​ស្ថាន​ធនាគារ​ទាំង​អស់​ ដែលមានប្រតិបត្តិការ ប្រាក់បញ្ញើអន្តរធនាគារ ចូលរួម​អនុវត្ត​ប្រតិបត្តិ​ការ​ទាំង​នោះ​នៅ​លើ​ថ្នាល ​NBCP ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ គ្រឹះស្ថានធនាគារដែលបានអនុវត្តប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារពេញលេញលើថ្នាល NBCP នឹង​ទទួលបានអត្ថប្រយោជន៍ បន្ថែមដូចជា៖ ១/. លើកលែង​កាតព្វ​កិច្ច​រាយកា​រណ៍អំ​ពី​ទិន្ន​ន័យ​ប្រតិបត្តិ​ការ​ប្រាក់បញ្ញើអន្តរធនាគារមកធនាគារជាតិនៃកម្ពុជា និង ២/. ទទួលបាន​ស្ថិតិ​ទីផ្សារ​ប្រាក់​បញ្ញើ​អន្តរធនាគារ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការវិភាគ ទីផ្សារ និងរៀបចំ​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​សន្ទនីយភាព៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia