ព័ត៌មាន
មន្ត្រីUNអះអាងថា កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំចំពោះគោលការណ៍ UN ខណៈ២០ឆ្នាំមកនេះកម្លាំងរក្សាសន្តិភាពកម្ពុជារួមចំណែកយ៉ាងសំខាន់ដល់សន្តិភាពពិភពលោក
ភ្នំពេញ៖ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានថ្លែងថា កម្ពុជាកំពុងប្តេជ្ញាចិត្តដ៏មុតមាំ ចំពោះគោលការណ៍នានា នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ខណៈរយៈពេល២០ឆ្នាំមកនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួនជាង ១ម៉ឺននាក់ បានបំពេញបេសកកម្ម និងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ។
ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជាចំនួន ១៨៤នាក់ លេខ៨៦៤ ត្រូវប្ដូរវេនត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ និងពិធីបំពាក់មេដាយជូនកងរាជអាវុធហត្ថលេខ៨៧២ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ទី៣ ដែលបំពេញបបេសកកម្មដោយជោគជ័យ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ នាទីស្តីការក្រសួងការពារជាតិ ។
លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានបញ្ជាក់ថា ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា គឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ ចំពោះគោលការណ៍នានា នៃធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានសន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងវិបុលភាពរួមសម្រាប់ទាំងអស់គ្នា ។ ការចូលរួមចំណែកនេះ មិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវ របស់កម្ពុជាក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីបទពិសោធន៍ ដ៏ឈឺចាប់របស់កម្ពុជាពីសង្គ្រាម ដែលធ្វើឱ្យកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព ។
អ្នកសម្របសម្រួលអង្គការ UN ប្រចាំកម្ពុជា បានបន្តថា តាមរយៈការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ កងកម្លាំងមួកខៀវកម្ពុជា បានក្លាយជាផ្នែកមួយដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ។ សមិទ្ធផលទាំងនេះ គឺជាមោទកភាពជាតិ និងជាសក្ខីភាពបញ្ជាក់ពីតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងការរួមចំណែកដល់សន្តិភាពពិភពលោក។
លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានបង្ហាញទុកចិត្តថា កងកម្លាំងកម្ពុជានឹងជម្នះរាល់បញ្ហាប្រឈមនានា នៅខាងមុខដោយភាពក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់ ព្រមទាំងបន្តស្នាដៃដ៏ល្អរបស់កងរក្សាសន្តិភាពកម្ពុជា រាមច្បង និងនាំនូវកិត្តិយសជូនអង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា ហើយសូមបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ភាពស្មោះត្រង់ មានមោទនភាព ក្នុងនាមជាតំណាងរបស់កម្ពុជា និងជាទូតសន្តិភាព ។
មន្ត្រី UN រូបនេះ ក៏បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងកម្ពុជា ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពដោយជោគជ័យ នៅតាមបណ្តាលប្រទេសមានជម្លោះក្រោមឆត្រអង្គការសហប្រជាជាតិ។ ដោយចាត់ទុកការលះបង់របស់កងកម្លាំងកម្ពុជា បានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយភាពក្លាហាន មានវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ បើទោះបីជាត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងមាតុភូមិក៏ដោយ។ ការបំពេញបេសកកម្មរបស់កងកម្លាំងកម្ពុជា នៅតាមតំបន់គោលដៅ បានប្រឈមនឹងការលំបាក ព្រមទាំងស្ថានភាពមិនប្រក្រតីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុជាដើម។ ប៉ុន្តែ វាជាពេលវេលាបង្ហាញឱ្យឃើញនូវភាពក្លាហានពិតប្រាកដរបស់កងកម្លាំងកម្ពុជា ព្រមទាំងបានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ក្នុងនាមជាអ្នករក្សាសន្តិភាព ដែលបានរួមចំណែកកសាងអនាគតប្រកបដោយសន្តិភាព និងសុវត្ថិភាពដ៏ប្រសើរ។
លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានបន្ថែមថា អង្គការសហប្រជាជាតិ បានកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការពហុភាគី និងការចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈប្រតិបត្តិការរក្សាសន្តិភាព។ នៅឆ្នាំ២០២៦នេះ ជាខួប២០ឆ្នាំ នៃការរួមចំណែករបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាតិ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជា ចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការជាសកល។
អ្នកសម្របសម្រួលអង្គការ UN ប្រចាំកម្ពុជា បានអះអាងថា អង្គការសហប្រជាជាតិ ទន្ទឹងរង់ចាំក្នុងការរម្លឹកខួបនៃសមិទ្ធផលរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទររយៈពេល២០ឆ្នាំ នៃការបំពេញបេសកកម្មរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា។ កងកម្លាំងជានារីរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែករក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ហើយការចូលរួមរបស់កងកម្លាំងជានារីកម្ពុជា បានជួយពង្រឹងប្រសិទ្ធភាពនៃបេសកកម្ម ពង្រឹងការចូលរួមជាមួយសហគមន៍ និងបានកសាងសន្តិភាពប្រកបដោយបរិយាបន្ន និងនិរន្តភាព។ ការលះបង់របស់កងកម្លាំងកម្ពុជា ជាប្រភពនៃការបណ្តុះស្មារតីសម្រាប់មនុស្សជាតិទាំងអស់គ្នា។
គួរបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ គឺចាប់តាំងពីក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន១០ ៧២៦នាក់ (នារី ១ ០៥២នាក់) មាននៅប្រទេសចំនួន១០ ក្នុងនោះមាននៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈបច្ចុប្បន្ន នៅមានកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅ៤ប្រទេស មានស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងប្រទេសកុងហ្គោ ចំនួន៤៧៣នាក់៕

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា