Connect with us

ព័ត៌មាន

អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះវាស់វែងដីសម្បទានរ៉ែមួយកន្លែងនៅស្រុកឱរ៉ាល់ ក្រោយពីពលរដ្ឋថាធ្វើអាជីវកម្មចូលដីពួកគាត់

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះវាស់វែងឡើងវិញ លើផ្ទៃដីសម្បទានរ៉ែមួយកន្លែង របស់ក្រុមហ៊ុនឯកជនមួយ ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ ថាបានធ្វើអាជីវកម្មចូលដីអាស្រ័យ របស់ពួកគាត់ ស្ថិតក្នុងភូមិត្រាង ឃុំតាសាល ស្រុកឱរ៉ាល់ ។
ក្នុងពេលចុះវាស់វែងទីតាំងមានបញ្ហា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងជាប្រធានគណកម្មការចម្រុះថ្នាក់ខេត្ត បានឲ្យដឹងថា ក្រោយពីមានសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំឲ្យបង្កើតក្រុមការងារចំរុះមួយ ចុះវាស់វែងដីសម្បទានរ៉ែ នៅទីតាំងក្រុមហ៊ុនស៊ីអេចអេចស៊ី (CHHC) ដែលពលរដ្ឋអះអាងថា បានធ្វើអាជីវកម្មចូលដីពួកគាត់ ។
លោកបន្តថា ក្រោយមានការណែនាំនោះ ក្រុមការងារវាស់វែង បាននាំគ្នាចុះពិនិត្យ និងវាយតំលៃបន្ទាន់លើដីវិវាទខាងលើ ដើម្បីរកឱ្យឃើញនូវផលប៉ះពាល់ រវាងព្រំដីពាក់ព័ន្ធ របស់ក្រុមហ៊ុនជាមួយពលរដ្ឋ ហើយឈានទៅធ្វើការសម្រេចជាថ្មី ។ ក្រោយវាស់វែង ក្រុមការងារបានរកឃើញតម្រុយជាច្រើនបង្ហាញថា ចំនួនដីជាក់ស្តែង ពិតជាមានកើនឡើងលើសពីអាជ្ញាបណ្ណដែលមាន នេះនៅមិនទាន់បានវាស់អស់ចំនួនគ្រួសារដែលប៉ះពាល់នៅឡើយ ។
ជាមួយគ្នានោះ លោកក៏បានណែនាំបន្ថែម ទៅដល់អាជ្ញាធរស្រុកឱរ៉ាល់ ឱ្យបង្កើតក្រុមការងារចុះវាស់វែងដីប្រជាពលរដ្ឋ តាមការចង្អុលបង្ហាញរបស់ម្ចាស់ដី ដើម្បីអាចកំណត់បាននូវចំនួនជាក់លាក់ ដែលមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន តែត្រូវប្រាកដថា ដីដែលវាស់វែងជាដីពាក់ព័ន្ធទោះដីអូរ បឹង ប្រឡាយ គុម្ពឬស្សី ក៏ដោយ ប៉ុន្តែចំពោះដីដែលស្ថិតនៅក្រៅរង្វង់ជម្លោះគឺមិនអនុញ្ញាតឱ្យវាស់ទេ ។
លោក ជេត ដុំ បានគូសបញ្ជាក់ថា ដើម្បីឱ្យដំណើរនៃការវាស់វែង របស់ក្រុមការងារបានរលូន និងឆាប់រហ័ស ប្រធានក្រុមការចំរុះថ្នាក់ខេត្ត បានស្នើសុំដល់ពលរដ្ឋទាំងអស់ សូមកុំមានប្រតិកម្ម ឬចលាចលនៅពេលមន្ត្រីជំនាញចុះវាស់វែងជាក់ស្តែង ព្រោះថាករណីនេះ គឺក្រុមការងារចម្រុះថ្នាក់ខេត្ត គ្រាន់តែយកទិន្នន័យជាក់លាក់ នៃផ្ទៃដីពាក់ព័ន្ធ ដើម្បីទៅប្រជុំពិភាក្សាបន្តនៅថ្នាក់ខេត្ត នឹងស្នើសុំគោលការណ៍ពីលោកបណ្ឌិត អភិបាលខេត្ត ដើម្បីពិនិត្យសម្រេចប៉ុណ្ណោះ ។
បើតាមប្រជាពលរដ្ឋម្នាក់ឈ្មោះ នាង ហ៊ាប ក្នុងចំណោមពលរដ្ឋជាច្រើនគ្រួសារទៀត បានឱ្យដឹងថា នៅចន្លោះឆ្នាំ២០១៦-២០១៧ បានប្រមូលទិញដីប្លង់រឹង (០១ប.ប) និងដីមានលិខិតបញ្ជាក់ភូមិ ឃុំជាច្រើនហិកតាពីប្រជាពលរដ្ឋ ហើយបានអាស្រ័យផលដំណាំ រួមមាន៖ ពោត ស្រូវ និងដំឡូងមី ជារៀងរាល់ឆ្នាំ ។
ពលរដ្ឋដដែល បានបញ្ជាក់ថា ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនថ្មអារនេះបានធ្វើសកម្មភាពគ្រប់បែបយ៉ាង បង្កឱ្យពលរដ្ឋពិបាកក្នុងការអាស្រ័យផល ។ តួយ៉ាងក្រុមហ៊ុនបានយកអារធ្វើជារបងបិទមិនឱ្យពលរដ្ឋចេញចូល ទៅកាន់ទីតាំងដីអាស្រ័យផល និងដឹកយកដុំថ្មធំៗទៅទម្លាក់ពាស់វាលពាស់កាល ដោយមិនឱ្យពលរដ្ឋរស់នៅបានសុខឡើយ ។ ពលរដ្ឋរំពឹងថា អាជ្ញាធរខេត្តក៏ដូចជាក្រសួងពាក់ព័ន្ធ និងផ្តល់យុត្តិធម៌ ពន្លឿនការដោះស្រាយឱ្យពលរដ្ឋបានទទួលដីកម្មសិទ្ធិមកវិញ និងអាចអាស្រ័យបានជាធម្មតា ៕
អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia