Connect with us

ព័ត៌មាន

ព្រះករុណាព្រះហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យអនុញ្ញាតដល់ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលក្រាបបង្គំទូលថ្វាយអំពីគម្រោង និងវឌ្ឍនភាពការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី នៅមហាប្រាសាទខេមរិន្ទ នៃព្រះបរមរាជវាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឫទ័យដ៏ថ្លៃថ្លៃជាទីបំផុត ព្រះរាជទានព្រះបរមរាជានុញ្ញាតដល់ ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីចូលក្រាបបង្គំទូលថ្វាយអំពីគម្រោងនិងវឌ្ឍនភាពការងារនៃការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត។
នាឱកាសដ៏ថ្លៃថ្លានេះ ព្រះករុណាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឫទ័យគាំទ្រដល់ការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិទុកជាកេរមរតកដ៏វិសេសវិសាលឧត្តុង្គឧត្តមថ្លៃថ្នូរបំផុត ព្រមទាំងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បន្តជួយគាំទ្រចំពោះសកម្មភាពយុវជន សុខភាពយុវជន ការអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីធានាបាននូវ សណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសូមចូលរួមជួយថែរក្សា ការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់ របស់ខ្មែរ ឱ្យនៅគង់វង្សឋិតថេររុងរឿងជានិរន្តរ៍។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia