Connect with us

ព័ត៌មាន

គណៈប្រតិភូជាន់ខ្ពស់សន្និសិទ ISC-2 តាមបណ្តាប្រទេស បន្តអញ្ជើញមកដល់រាជធានីភ្នំពេញ

នៅថ្ងៃទី២៦ ខែសីហានេះ ប្រតិភូជាន់ខ្ពស់សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ISC-2 តាមបណ្តាប្រទេសទៀត បានបន្តអញ្ជើញមកដល់រាជធានីភ្នំពេញ តាមជើងយន្តហោះផ្សេងៗ ដើម្បីអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ISC-2 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។
នៅអាកាសយាដ្ឋានអន្តរជាតិតេជោ TIA ព្រឹកថ្ងៃនេះ ឃើញមាន ឯកឧត្តម ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បាននិងកំពុងរងចាំ ទទួលធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍ ប្រតិភូជាន់ខ្ពស់ ដែលរួមមាន ប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធមកពីតាមបណ្តាប្រទេសចំនួន១៥ប្រទេសបន្ថែមទៀតដែលមាន ប្រទេស រ៉ុស្ស៊ី អូស្រា្តលី Saudi Arabia វៀតណាម ឡាវ និងប្រទេសម៉ាល់ឌីវជាដើម។
តាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឲ្យដឹងថា ប្រតិភូជាន់ខ្ពស់ តាមប្រទេសនានានោះ ក៏នឹងមានការឡើងថ្លែងបទអន្តរាគមន៍របស់ខ្លួន នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២នេះ ដើម្បីចែករំលែកនូវចក្ខុវិស័យ ក្នុងការពង្រឹងការទូតសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពយូរអង្វែង ដែលជាតម្រូវការបន្ទាន់សម្រាប់ពិភពលោកបច្ចុប្បន្ន ដែលកំពុងប្រឈមទៅនឹងភាពមិនប្រាកដប្រជានិង ការវិវត្តប្រែប្រួលឆាប់រហ័ស និងធ្វើការផ្លាស់ប្តូរទស្សនវិស័យ ចំណេះដឹងបទពិសោធ ដ៏មានតម្លៃ ដែលធាតុចូលដ៏សំខាន់ សំដៅដោះស្រាយបញ្ហាប្រឈមដ៏ស្រួចស្រាល់ ដែលពិភពលោកកំពុងជួបប្រទះ។
សូមបញ្ជាក់ថា សន្និសិទប្រធានសភា នៃអន្តរសភាលើកទី១ ក្រោមប្រធានបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» គឺត្រូវបានប្រទេសប៉ាគីស្ថាន បានទទួលធ្វើជាម្ចាស់រៀបចំនៅក្នុងឆ្នាំ២០២៥ ហើយនៅឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា បាននិងកំពុងទទួលធ្វើម្ចាស់រៀបចំ សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2)នេះ រៀបចំក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលមានប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធនានាចូលរួមប្រមាណជាង៣០ ប្រទេស និងអង្គការអន្តរជាតិ នៅតំបន់ទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន អញ្ជើញចូលរួម។
រូបអត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia