Connect with us

ព័ត៌មាន

កម្ពុជា-ប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា និងការទូតឱ្យកាន់តែស៊ីជម្រៅ

វិមានរដ្ឋសភា៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ប៉ាគីស្ថាន និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Rana Shamaila សមាជិកសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាប៉ាគីស្ថាន-កម្ពុជា ក្នុងឱកាសលោកជំទាវអញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភា និងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍លើវិស័យនីតិកម្ម និងការជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួមដល់ប្រជាជន និងប្រទេសទាំងពីរ។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទូតសភា និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ លោកជំទាវ Rana Shamaila បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ផ្លូវដែក និងយោធា ព្រមទាំងស្នើឱ្យកម្ពុជាពិចារណាបង្កើតស្ថានទូតនៅប្រទេសប៉ាគីស្ថាន ដើម្បីជំរុញ និងសម្រួលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ភាគីប៉ាគីស្ថានក៏បានថ្លែងអំណរគុណចំពោះការរៀបចំសន្និសីទ និងបញ្ជាក់ពីការគាំទ្រកម្ពុជាក្នុងការចូលរួមជាសមាជិកមិនអចិន្ត្រៃយ៍របស់ ISC ព្រមទាំងបានអញ្ជើញគណៈប្រតិភូរដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាពរីករាយ ដោយរំលេចពីឆន្ទៈរួមក្នុងការបន្តពង្រឹងមិត្តភាព ការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia