Connect with us

ព័ត៌មាន

ព្រះមហាក្សត្រ៖ ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភា លើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា និងរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា និងរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា។
ព្រះករុណា ព្រះមហាក្សត្យ មានព្រះរាជបន្ទូលបែបនេះ តាមរយៈព្រះរាជសារ ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា មានជំនឿជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះ សន្និសីទប្រធានសភា អន្តរសភាលើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជាការរួមចំណែកដ៏មាន អត្ថន័យក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹង ភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម កាន់តែស្មុគស្មាញ។
ព្រះអង្គមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនា និងការទូតសភា ដោយបន្តពង្រឹងលើភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះដែលកម្ពុជាទទួលបាន ក្នុង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព កាលពីឆ្នាំ២០២៤។
ព្រះករុណា ព្រះមហាក្សត្រ មានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី ២នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការពង្រឹងសាមគ្គីភាពសភា និងអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់យើង ដើម្បីសន្តិភាព, ការយោគយល់គ្នាទៅវិញទៅមក, ការផ្សះផ្សា, និងការជឿជាក់ រវាងប្រជាជាតិនិងប្រជាជាតិ។ សូមឱ្យសន្និសីទនេះ ក្លាយជាប្រភពនៃជំនឿជាថ្មីលើការសន្ទនា ពង្រឹង ឆន្ទៈរួមរបស់យើងក្នុងការលើកតម្កើង និងគោរពច្បាប់អន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាព យុត្តិធម៌ និងវិបុលភាពប្រកបដោយ ចីរភាព។
ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖«សូមឱ្យយើងរួមគ្នាប្រែក្លាយសាមគ្គីភាព ជាសកម្មភាពជាក់ស្តែង និងផ្លាស់ប្តូរបំណងប្រាថ្នារួម របស់យើង ឱ្យទៅជាការរីកចម្រើនស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់នេះ និង ជំនាន់ក្រោយៗទៀត»។
ព្រះអង្គបានបានបន្ថែមថា សន្តិភាព និងវិបុលភាព មិនអាចចែកដាច់ពីគ្នាបានទេ។ សន្តិភាព មិនអាចគង់វង្សទេ បើការអភិវឌ្ឍត្រូវបានគេបដិសេធ។ ការអភិវឌ្ឍមិនអាចរីកចម្រើនបាននៅក្នុងស្ថានភាពជម្លោះ។ ហើយទាំង សន្តិភាព និងការអភិវឌ្ឍ មិនអាចរក្សាបានទេ បើគ្មានការជឿជាក់ យុត្តិធម៌ និងនីតិរដ្ឋ។ក្នុងហេតុផលនេះ សាមគ្គីភាពបណ្តាប្រជាជាតិ មិនអាចផ្អែកលើសុឆន្ទៈតែមួយមុខបានឡើយ។ សាមគ្គីភាពនេះ ត្រូវតែឈរលើមូលដ្ឋាននៃការទទួលខុសត្រូវរួម, ការគោរពគ្នាទៅវិញទៅមក, សន្តិ សហវិជ្ជមាន, និងប្រកាន់ ខ្ជាប់ច្បាប់អន្តរជាតិ។ សាមគ្គីភាពបែបនេះនឹងក្លាយជាមានន័យនៅពេល ដែលមានការស្តែងចេញតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង, បំណងល្អ, និងការប្តេជ្ញាប្រកបដោយ ស្មោះត្រង់ ក្នុងការដោះស្រាយនូវភាពខុសគ្នា ដោយសន្តិវិធី។
ព្រះករុណាព្រះមហាក្សត្រមានបន្ទូលបន្តថា សភាមានតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យក្លាយជាការពិត។ តាមរយៈការ តាក់តែងច្បាប់ ការត្រួតពិនិត្យ ការបំពេញតួនាទីជាតំណាងរបស់ប្រជាពលរដ្ឋ និងការទូតសភា សភា បានរួមចំណែកពង្រឹងនីតិរដ្ឋ លើកកម្ពស់គណនេយ្យភាព បង្ការជម្លោះ និងកសាងទំនុកចិត្តរវាងប្រជាជន និងប្រជាជាតិ។ ក្នុងពិភពលោកដែលមានការបែងចែក និងស្មុគស្មាញកាន់តែខ្លាំង កិច្ចសន្ទនាសភា នៅតែជាឧបករណ៍ដែលមិនអាចខ្វះបាន ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក ការលើកទឹក ចិត្តដល់ការសម្រុះសម្រួល, និងការលើកកម្ពស់ដំណោះស្រាយដោយ សន្តិវិធី ដោយផ្អែកលើច្បាប់ អន្តរជាតិ។
ព្រះអង្គបន្តថា ការពង្រឹងច្បាប់អន្តរជាតិ គឺស្ថិតនៅចំកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងនេះ។ ច្បាប់អន្តរជាតិ ផ្តល់នូវ ក្របខ័ណ្ឌរួម ដែលតាមរយៈនេះ រដ្ឋនានា ទាំងធំទាំងតូច អាចរួមរស់ជាមួយគ្នាប្រកបដោយភាពថ្លៃថ្នូរ, សមភាព, និងសុវត្ថិភាព។ ការការពារអធិបតេយ្យ ការលើកកម្ពស់ភាពត្រឹមត្រូវ, និងការអត់ធ្មត់ក្នុងការ ប្រើអំណាចដោយមិនត្រឹមត្រូវ, នឹងផ្តល់នូវសន្តិវិធីសម្រាប់ការដោះស្រាយជម្លោះ។ ការដោះស្រាយ ជម្លោះដោយសន្តិវិធី មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញនូវប្រាជ្ញា ការទទួលខុស ត្រូវ, និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិ។
តាមរយៈសន្និសីទនេះ ព្រះករុណាព្រះមហាក្សត្រខ្មែរមានជំនឿជឿជាក់ថា “សេចក្តីប្រកាសទី ក្រុងភ្នំពេញ” នឹងត្រូវអនុម័តដោយជោគជ័យ ព្រោះវាជាការរួមចំណែកប្រកបដោយអត្ថន័យ ចំពោះសហគមន៍អន្តរសភា និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយ និងសូមឱ្យសេចក្តីប្រកាសទីក្រុងភ្នំពេញនេះឈរជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមចំពោះយុត្តិធម៌, សិទ្ធិមនុស្ស, ការអភិវឌ្ឍប្រកបដោយចីរភាព, ការកសាងសន្តិភាព, ការផ្សះផ្សា, ការដោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈរ លើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia