តាមរយៈព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា សន្និសីទត្រូវបានរៀបចំឡើងក្រោមមូលបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម៖ ពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាប្រធានបទប្រកបដោយអត្ថន័យ និងសមស្របនឹងកាលៈទេសៈបច្ចុប្បន្ន។
នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមក និងបញ្ហា ប្រឈមផ្នែកសន្តិសុខទាំងបែបប្រពៃណី និងមិនមែន ប្រពៃណី ប្រធានបទនេះបានបង្ហាញយ៉ាងច្បាស់ អំពីភាពចាំបាច់ជាបន្ទាន់ក្នុងការពង្រឹងកិច្ចសន្ទនា ការអត់ធ្មត់ កិច្ចសហប្រតិបត្តិការ និងការប្រកាន់ ខ្ជាប់នូវនីតិអន្តរជាតិ។
ព្រះរាជសាររបស់ព្រះមហាក្សត្របានបន្តថា ការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទនេះ មានអត្ថន័យ ពិសេសខ្លាំងណាស់។ កម្ពុជាស្ថិតនៅចំណុចប្រសព្វនៃអរិយធម៌, វប្បធម៌, និងប្រជាជន។ ឆ្លងកាត់ប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជា ជាទឹកដីនៃការផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងជាមួយគ្នា និងកិច្ចសហប្រតិបត្តិការ។
រាជធានីភ្នំពេញ ដែលគេស្គាល់ថាជាទីក្រុងចតុម្មុខ ជាទីប្រសព្វនៃទន្លេបួន ពិតជាផ្តល់នូវ និមិត្តរូបដ៏សក្តិសម សម្រាប់ការជួបជុំថ្ងៃនេះ។ នៅទីនេះ ខ្សែទឹកផ្សេងៗហូរមកជួបប្រសព្វគ្នា ដោយ ទន្លេនីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណ និងលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែរួមគ្នាហូរឆ្ពោះទៅ កាន់ទិសដៅរួមតែមួយ។ និមិត្តរូបនេះបានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីស្មារតីនៃសន្និសីទដែល ប្រមូលផ្តុំថ្នាក់ដឹកនាំសភាមកពីតំបន់ វប្បធម៌ នឹងប្រព័ន្ធនយោបាយចម្រុះ ដើម្បីពង្រឹងការយោគយល់ គ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកដល់ផល ប្រយោជន៍រួម និងអនាគតប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
ប្រវត្តិសាស្ត្ររបស់កម្ពុជាបានផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ និងពិសេសចំពោះការពិភាក្សានៃ សន្និសីទនេះ។ ប្រជាជាតិយើងខ្ញុំ ធ្លាប់ស្គាល់ទាំងភាពរុងរឿងដ៏ត្រចះត្រចង់នៃអរិយធម៌អង្គរ សោកនាដកម្មនៃសង្គ្រាម និងការបែកបាក់ ព្រមទាំងដំណើរដ៏វែងឆ្ងាយនៃការស្តារ និងកសាងជាតិ ឡើងវិញ។ ដោយបានឆ្លងកាត់ទុក្ខលំបាក និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាយល់យ៉ាងជ្រាល ជ្រៅអំពីតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ការផ្សះផ្សាជាតិ និងការរួមរស់ដោយសុខដុមរមនា។
តាមរយៈការផ្សះផ្សាជាតិ, កិច្ចសន្ទនាប្រកបដោយបរិយាបន្ន, និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជា ទទួលបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាព, និងការអភិវឌ្ឍ។ បទពិសោធនេះ រំលឹកយើងថា សន្តិភាព មិនកើតឡើងដោយឯកឯងទេ។ សន្តិភាពត្រូវកសាងដោយភាពក្លាហាន នយោបាយ ការជឿជាក់ ការផ្សះផ្សា, កិច្ចសន្ទនា, និងការគោរពនីតិរដ្ឋ។
សន្តិភាពដែលកម្ពុជាសម្រេចបានក្រោយការតស៊ូ និងការលះបង់ដ៏ធំធេង បានបើកផ្លូវឱ្យ ប្រទេសរបស់យើងខ្ញុំ ដើរតួនាទីកាន់តែសកម្មក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សន្តិភាពនេះបានអនុញ្ញាតឱ្យកម្ពុ ជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន អនុតំបន់មេគង្គ និងសហគមន៍អន្តរជាតិ ព្រមទាំង ពង្រីកការរួមចំណែករបស់ខ្លួនតាមរយៈការទូតសភា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិ សកម្មភាពមនុស្សធម៌ ការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចការបោសសម្អាតមីន ដើម្បីជា ប្រយោជន៍ដល់សន្តិភាព និងសន្តិសុខរួមរបស់មនុស្សជាតិ។
ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ក្នុងការឆ្លងកាត់សង្គ្រាម ការផ្សះផ្សាជាតិ និងការស្តារ និង កសាងប្រទេសឡើងវិញ កម្ពុជាបានប្រែក្លាយមេរៀនដ៏ឈឺចាប់ពីអតីតកាលទៅជាការរួមចំណែកដ៏មាន អត្ថន័យក្នុងការលើកកម្ពស់ សន្តិភាព និងកិច្ចការមនុស្សធម៌នៅលើឆាកអន្តរជាតិ។ ដោយត្រូវបាន សហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសឈានមុខមួយក្នុងវិស័យសកម្មភាពបោសសម្អាតមីន និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម កម្ពុជាបានចែករំលែកចំណេះដឹង ជំនាញ និង បទពិសោធន៍របស់ខ្លួនជាមួយបណ្តាប្រទេសដែលកំពុង់ងើបចេញពីជម្លោះ ដោយរួមចំណែកសង្គ្រោះ អាយុជីវិត ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស ស្តារសហគមន៍ឱ្យមានសុវត្ថិភាពឡើងវិញ និងបង្កើត មូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទ៖ វង្ស សុភាព