Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន បង្ហាញនូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបីដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ និងស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បង្ហាញនូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបីដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ និងស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល ។
សម្ដេចតេជោ បានបង្ហាញបែបនេះក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំ នៅក្នុងអភិបាលកិច្ចសកល យើងត្រូវពិនិត្យមើលឱ្យបានដិតដល់នូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបី ដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ ក្នុងនោះមាន៖
ទីមួយ៖ ការកែសម្រួលជារចនាសម្ព័ន្ធនូវតុល្យភាពអំណាចជាប្រចាំ ដែលស្ដែងឡើង តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនថមថយ រវាងមជ្ឈមណ្ឌលអំណាចចាស់ និងមជ្ឈមណ្ឌលអំណាចដែលកំពុងលេចឡើងថ្មី។ ការប៉ះទង្គិចរបស់ពួកគេបានបង្កើតឡើងនូវ «វិបត្តិជាប្រចាំ និងភាពមិនរៀបរយនៃរចនាសម្ព័ន្ធ»
ទីពីរ៖ ការយកអ្វីៗ គ្រប់យ៉ាងធ្វើជាអាវុធ។ នាពេលបច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងចាប់ពី សេដ្ឋកិច្ច និងបច្ចេកវិទ្យា រហូតដល់ធនធានធម្មជាតិ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ត្រូវបានបំប្លែងទៅជាឧបករណ៍ផ្ទាល់នៃការបង្ខិតបង្ខំ និងការធ្វើសង្គ្រាម។
ទីបី៖ ភាពស្រពិចស្រពិលនៃខ្សែខណ្ឌចែករវាងសង្គ្រាម និងសន្តិភាព។ ការណ៍នេះ ត្រូវបានស្ដែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះ (grey-zone tactics) ដែលមិន រុញច្រានស្ថានការណ៍ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែទន្ទឹមនេះ ជាលក្ខណៈ រចនាសម្ព័ន្ធ គឺមិនបានផ្ដល់នូវសន្តិភាពពិតប្រាកដនោះទេ។ ប្រសិនបើបណ្តែតបណ្តោយ ដោយគ្មានការទប់ស្កាត់ បណ្តាប្រទេសនានាអាចប្រើប្រាស់ល្បិចកលទាំងនេះដោយចេតនា ដើម្បីជំរុញ «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami slicing strategy) បម្រើឱ្យមហិច្ឆតាទាមទារ យកទឹកដីចាស់មកវិញ (irredentism) ដែលផ្ទុយពីច្បាប់អន្តរជាតិ ជាពិសេស គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis)។ នេះជាការពិតដ៏ជូរចត់ មួយដែលថាកិច្ចព្រមព្រៀងឈប់បាញ់ ជារឿយៗ គឺគ្មានអ្វីក្រៅពីក្រដាសមួយសន្លឹកនោះទេ ដែលមិនអាចធានាសន្តិភាព ស្ថិតស្ថេរ បង្កើតទំនុកចិត្ត ឬការពារអាយុជីវិតជនស្លូតត្រង់ បានឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia