Connect with us

ព័ត៌មាន

សម្តេចមហារដ្ឋសភាធិការធិបតី អញ្ជើញជាអធិបតី ពិធីបិទសន្និសីទប្រធានសភា និងអន្តរសភា (ISC-2)

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបិទ សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលរៀបចំឡើងក្រោមមូលបទ៖«សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។
ក្នុងពិធីបិទសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ អង្គប្រជុំ ឯកភាគគ្នាគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិដើម្បីសន្តិភាពតំបន់ និងជាសកល។ ក្នុងពិធីបិទសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងពីភាពចាំបាច់នៃការពង្រឹងការទូសសភា ដើម្បីជំរុញបន្ថែមឱ្យមានសាមគ្គីភាព ប្រឆាំងនឹងច្បាប់ព្រៃ «អ្នកខ្លាំងគឺឈ្នះ»។ ជាមួយគ្នានេះ អង្គប្រជុំនៃ ISC-2 ក៏បានឯកភាពគ្នា អនុម័តសេចក្ដីប្រកាសទីក្រុងភ្នំពេញ ដោយគាំទ្រឱ្យមានការពង្រឹងពហុភាគីនិយម ការទូសភា និងដោះស្រាយជម្លោះដោយសន្តិវិធីផងដែរ។
សូមបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកជាផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានប្រទេស និងអង្គការអន្តរជាតិនានាចូលរួមប្រមាណ ៣០ ប្រទេស។ សន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) គឺជា វេទិកាអន្តរសភាថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៥។ វេទិកានេះមានគោលបំណងជំរុញការកសាងសហគមន៍ អន្តរជាតិមួយ ដែលប្រទេសទាំងអស់អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនានា លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។
សន្និសីទបើកសម្ពោធ ISC ត្រូវបានរៀបចំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ ក្រោមមូលបទ «កសាងឯកភាពសកល៖ ពង្រឹងសន្តិភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនាអន្តរសភា ដោយមានប្រធានសភា និងថ្នាក់ដឹកនាំសភាមកពីប្រមាណ ៤០ប្រទេសចូលរួម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia