Connect with us

ព័ត៌មាន

ក្រុមហ៊ុន​ ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) និងក្រុមហ៊ុន អ៊ិនធឺតិច (Intertek) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ​ ក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។
កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនេះ គឺជាកិច្ចប្រឹងប្រែងរបស់ ប៊ីវីអឹម ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូននូវប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងអនុលោមតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងទំនុកចិត្តរបស់អតិថិជនទៅលើគុណភាព និងស្តង់ដានៃផលិតផលប្រេងឥន្ធនៈដែលផ្គត់ផ្គង់នៅតាមស្ថានីយ ប៊ីវីអឹម ក៏ដូចជាអតិថិជនទូទាំងកម្ពុជា។
លោកស្រី ស៊ូ សុភីវ៉ាន់ អគ្គនាយិកាប្រតិបត្តិ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានមានប្រសាសន៍ថា គុណភាពប្រេងឥន្ធនៈ គឺជាកត្តាសំខាន់បំផុតសម្រាប់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសម្រាប់ការអភិវឌ្ឍរយៈពេលវែងនៃវិស័យប្រេងឥន្ធនៈ។ សម្រាប់ការចាប់ដៃគូគ្នានេះ មិនមែនគ្រាន់តែជាគំនិតផ្តួចផ្តើមផ្នែកបច្ចេកទេសដើម្បីធានាគុណភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ ការការពារគុណភាពផលិតផល និងការកសាងទំនុកចិត្តដ៏រឹងមាំចំពោះអតិថិជន និងដៃគូអាជីវកម្ម។
លោកស្រី បានបន្តថា ឆន្ទៈមួយនេះគឺស្របគ្នាទាំងស្រុងទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រង់ទិស និងពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ពិសេសគឺគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ជំរុញគុណភាព ធានាការប្រកួតប្រជែងដោយស្មោះត្រង់ និងកសាងទំនុកចិត្តឱ្យកាន់តែរឹងមាំចំពោះផលិតផល និងអាជីវកម្មនៅកម្ពុជា។
លោក អាង ជីតិច (Chee Teck Ang) តំណាងក្រុមហ៊ុន Intertek កម្ពុជា បានលើកឡើងថា សង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានភាពរឹងមាំ ប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទំនើប។ ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ គឺជាកម្លាំងជំរុញដ៏ចាំបាច់សម្រាប់វិស័យដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការធានាឱ្យបានថាផលិតផលប្រេងឥន្ធនៈដែលបំពេញតាមលក្ខណៈបច្ចេកទេស និងស្តង់ដារដែលបានកំណត់ គឺមិនត្រឹមតែជាការពង្រឹងទំនុកចិត្តក្នុងសកម្មភាពពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមលើកកម្ពស់សុវត្ថិភាពសាធារណៈ ការប្រកួតប្រជែងដោយស្មើភាព ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជាផងដែរ។
លោកសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូយុទ្ធសាស្ត្រ រវាង Intertek និង BVM នឹងអាចរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈការលើកកម្ពស់គុណភាពនៃការអនុវត្តអាជីវកម្ម និងការពង្រឹងប្រព័ន្ធធានាគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការកសាង និងអភិវឌ្ឍ វិស័យប្រេងឥន្ធនៈដែលមានសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព ភាពជឿជាក់ខ្ពស់ និងទទួលបានការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា៕
អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia