Connect with us

ព័ត៌មាន

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍​ជួយ​ពល​រដ្ឋ​រង​គ្រោះដោយសារទឹកជំនន់

ជាថ្មីម្តងទៀតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវត្រៀមកម្លាំងអន្ត​រាគមន៍គ្រប់ពេលវេលា ដើម្បីជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ក្នុងករណីចាំបាច់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០២៦ម្សិល មិញនេះ។
តាមសេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ការត្រៀមឆ្លើយតបចំពោះគ្រោះទឹកជំនន់, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងបន្តតាមដានសភាពការណ៍ ដោយកំណត់ជាស្រេចនៅទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយសង្គ្រោះចុះជួយប្រជាពលរដ្ឋ ក្នុងករណីចាំបាច់។
តាមសេចក្តីប្រកាសព័ត៌មានខាងលើនេះសម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រសួងធន​ធានទឹក និងឧតុនិយម ត្រូវបន្តតាមដានការព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួលកម្ពស់ទឹកជាប្រចាំ។ មួយវិញទៀតក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវបន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវត្រៀមគ្រាប់ពូជស្រូវ និងសម្ភារៈចាំចាច់សម្រាប់ប្រជាពលរដ្ឋ ដែលរងការខូចខាតផលដំណាំ ដែលត្រូវស្ដារឡើងវិញ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានប្រាប់ទៅក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនសកម្មភាពជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ជាពិសេសប្រជាកសិករ ដើម្បីក្តាប់នូវតម្រូវការជាក់ស្ដែង ដែលអាចអន្តរាគមន៍ជួយក្នុងករណីណាមួយដល់ពួកគាត់ផងដែរ៕
អត្ថបទ÷ បាន ចក់
May be an illustration of textMay be an illustration of ticket stub and text

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia