Connect with us

ព័ត៌មាន

អគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា កម្ពុជានៅតែត្រូវការបន្ថែម នៃ​ការ​បង្កើន​ការ​តភ្ជាប់​រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការ​វិនិយោគ​មិន​ត្រឹម​តែ​បង្កើត​រោង​ចក្រ និងការងារ តែអាចបង្កើតការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើន។

ការថ្លែងលើកឡើងបែបនេះរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ទៅកាន់ធុរកិច្ចជាតិ-អន្តរជាតិ នៅក្នុង​ពិធី​បើក​កិច្ច​ប្រជុំកំពូល​ធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការកត់សម្គាល់ថា ក្នុង​បរិបទ​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ភាព​មិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និង​ការ​រៀប​ចំ​ឡើង​វិញ​នៃ​ខ្សែ​ច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហ- ប្រតិបត្តិការនៅតែមាន។ ដូច្នេះ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ចចិន-អាស៊ាន គួរតែជាវេទិកាដែល «ប្រែក្លាយការសន្ទនា ទៅជាកិច្ច​សហ​ប្រតិបត្តិការ និងប្រែក្លាយកិច្ចសហប្រតិបត្តិការ ទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង»។ ឯកឧត្តមក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាង អាស៊ាននិងចិន, កំណើន​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​អាស៊ាន-ចិន ក៏ដូចជាកំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងកំណើន នៃ ការ​វិនិយោគ​ចិន​នៅ​កម្ពុជាផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

ឯកឧត្តមអគ្គលេខាធិការ បន្តថា អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀតនោះ គឺការ​បង្កើន​ការ​តភ្ជាប់​រវាង​វិនិយោគិនបរទេស និង សហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រ និង​ការងារនោះទេ ប៉ុន្តែអាចបង្កើតការផ្ទេរចំណេះដឹង និង បច្ចេកវិទ្យា ការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើននៅក្នុងប្រទេស ព្រមទាំងជួយឱ្យកម្ពុជាចូលរួម កាន់​តែ​ស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ ឯកឧត្តមបានជម្រាបជូនអង្គពិធីថា ដើម្បី​ឱ្យ​ការ​វិនិយោគ​រយៈ​ពេលវែងអាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​បន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និង ភាព​ងាយ​ស្រួល​ក្នុង​ការធ្វើអាជីវកម្មដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស, ការកាត់​បន្ថយ​ថ្លៃ​ដើម​ពាណិជ្ជ​កម្ម និងវិនិយោគ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា និង​ការពង្រឹងយន្តការច្រកចេញ-ចូលតែមួយ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា សំដៅ​ផ្តល់​សេវា​ឱ្យ​កាន់​តែ​ងាយស្រួល លឿន និងមានប្រសិទ្ធភាពជូនវិនិយោគិន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia