កីឡា
បាល់ទះត្រៀមទទួលយកការឈឺចាប់ពីការរុះរើសក្រុមជម្រើសជាតិ ដើម្បីសម្រេចគោលដៅកាន់តែធំ ២ឬ៣ឆ្នាំខាងមុខ
សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមធ្វើការរុះរើ និងផ្លាស់ប្ដូរសមាសភាពកីឡាករជម្រើសជាតិមួយចំនួន ដោយផ្ដល់ឱកាសដល់កីឡាករយុវជនបន្ដវេនមកជំនួសវិញ ដើម្បីពង្រឹងសមត្ថភាព និងបង្កើតគុណផលកាន់តែរឹងមាំ ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចគោលដៅកាន់តែធំ ទោះបីត្រូវប្រឈមការឈឺចាប់រយៈពេល ២ទៅ៣ឆ្នាំក៏ដោយ។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលការប្រកួតពានរង្វាន់បាល់ទះ U20 Wurkz Special Volleyball Challenge Cup 2026 នៅល្ងាចថ្ងៃទី៧ ខែតុលា បន្ទាប់ពីបញ្ចប់ការប្រកួតតាមភូមិភាគ និងរកឃើញក្រុមខ្លាំងប្រចាំមណ្ឌលនីមួយៗ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នាចុងខែនេះ។
មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានគូសបញ្ជាក់ថា ការប្រកួតលក្ខណៈមហាជនពានយុវជនអាយុក្រោម ២០ឆ្នាំនេះ គឺជាយុទ្ធសាស្ដ្រមួយ ដែលសហព័ន្ធបានធ្វើកំណែទម្រង់ពីការប្រកួត ៤ ទល់ ៤ មកជាការប្រកួតស្ដង់ដារ ៦ ទល់ ៦ ក្នុងទិសដៅផ្ដល់ឱកាស និងសម្លឹងរកធនធានបន្ដវេន ពិសេសយុវជនមកពីតាមបណ្ដាលវិទ្យាល័យនានា តែសោកស្ដាយឆ្នាំដំបូង នៃកំណែទម្រង់នេះ ពុំសូវមានការចូលរួមពីក្រុមបាល់ទះតំណាងវិទ្យាល័យឡើយ។
បែបនេះក្ដីលោកចាត់ទុកពាននេះ នៅតែសំខាន់ ដោយបានឆ្លើយតបគោលដៅរបស់សហព័ន្ធ ក្នុងការបណ្ដុះ និងពង្រឹងនូវធនធានយុវជនបន្ដវេន ស្របពេលសហព័ន្ធត្រៀមប្រើប្រាស់យុវជនច្រើនក្នុងក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៧ ។ ទោះបីការផែនការនេះ មិនទាន់ត្រូវបានអនុវត្ត តែជាការផ្លាស់ប្ដូរចាំបាច់ ព្រោះសហព័ន្ធមិនអាចបន្ដប្រើប្រាស់កីឡាកររាមច្បងចាស់ៗ ដែលមានរបួសជាប់ខ្លួន ឬដល់អាយុកាលនៃគុណផលកីឡានោះទេ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់ថា លោកទទួលស្គាល់ការរុះរើសដែលនាំមកនូវការឈឺចាប់ ទី១ ការរុះរើសកីឡាករចាស់ៗ និងទី២ គឺលទ្ធផល ព្រោះធម្មតាការផ្លាស់ប្ដូរភ្លាមៗ មិនអាចសម្រេចលទ្ធផលល្អប្រសើរភ្លាមនោះទេ តែសហព័ន្ធបានត្រៀមទទួលយកការឈឺចាប់រយៈពេល ២ ទៅ ៣ឆ្នាំ ដើម្បីភាពខ្លាំងទ្វេដង ហើយអាចនឹងឃើញលទ្ធផលជាក់ស្ដែងនៅឆ្នាំ២០២៩ តទៅ។
ក្រឡេកមកចាប់អារម្មណ៍ការប្រកួតពានរង្វាន់បាល់ទះយុវជនអាយុក្រោម ២០ឆ្នាំទូទាំងប្រទេស U20 Wurkz Special Volleyball Cup ឆ្នាំ២០២៦ នេះវិញ ក្រោយបញ្ចប់ការប្រកួតជម្រុះតាមមណ្ឌលចំនួន ៥ រួមមានមណ្ឌលខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តកោះកុង គឺបានរកឃើញក្រុមជើងឯករងតាមមណ្ឌលនីមួយៗចំនួន ១០ក្រុម ដែលឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
ជុំផ្ដាច់ព្រ័ត្រនេះដែរ ក្រៅពីបេក្ខភាពឡើងមកពីមណ្ឌលតាមខេត្ត ក៏មានបេក្ខភាពតេជោលីគ ដែលឈរលេខ១ ដល់លេខ៦ ចំនួន ៦ក្រុមទៀត ដែលឈរចាំត្រូវចូលរួមផងដែរ តែសោកស្ដាយសល់ត្រឹម ៣ក្រុម គឺមានក្រុមវិសាខា, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការនគរបាលខេត្តកោះកុង បន្ទាប់ពី ៣ក្រុមទៀត ខ្វះធនធានកីឡាករយុវជន ពុំបានចូលរួមឡើយ រួមមានក្រុមបញ្ជាការដ្ឋានអង្គរក្ស, ក្រសួងមហាផ្ទៃ និងក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ដូច្នេះការប្រកួតជុំផ្ដាច់ព្រ័ត្រនៅសល់ត្រឹម ១៣ក្រុមប៉ុណ្ណោះ ដោយបែងចែកជា ៤ពូល ក្នុងនោះពូលA មានក្លិបស្នងការដ្ឋាននគរបាលខេត្តកោះកុង(A), ក្លិបបាល់ទាត់ខេត្តតាកែវ, កងពលធំអន្ដរាគមន៍លេខ៣ និងក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្ដា។ ពូលB មានក្រុមស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ពូលC មានក្រុមវិសាខា, ក្រុម ឬទ្ថីសែន ខេត្តកំពង់ឆ្នាំង និងក្រុម ហង្សជ័យមានរិទ្ធ និងពូលD មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, សីហាសាមគ្គី និងក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង(B)៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ