Connect with us

ព័ត៌មាន

ប្រមុខការទូតកម្ពុជា បានចេញដំណើរទៅ​ប្រទេសហូឡង់ហើយ ដើម្បីតវ៉ាគ្នា​ជាលើកទីពីរ​ជាមួយ​ថៃ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែនសមុទ្រ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា បាន​អញ្ជើញ​ដឹក​នាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ទៅកាន់ប្រទេសហូឡង់ហើយ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី២​ នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និង​ថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូ​ឡង់។

សូមបញ្ជាក់ថា កម្ពុជា និងថៃនឹងធ្វើការតវ៉ាគ្នាជាលើកទីពីរ ស្តីពីព្រំដែនសមុទ្រតាមរយៈUNCLOS នៅ​ថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ នៅទីក្រុងឡាអេប្រទេសហូឡង់ ខណៈ​កិច្ច​ប្រជុំជាលើកទីពីរនេះគឺជាជំហានដ៏សំខាន់មួយទៀតនៅក្នុងដំណើរការ ដោយសន្តិ​វិធី​ដែល​បាន​ផ្តួច​ផ្តើមឡើងដោយ ប្រទេស កម្ពុជាដើម្បីដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​​លើ​បញ្ហា​ព្រំដែន​សមុទ្រ​នៃ​ប្រទេស​ទាំងពីរ។ កិច្ចប្រជុំជាលើកទីពីរនេះ នឹងប្រព្រឹត្តទៅនៅ​ស្នាក់​ការ​កណ្តាល​របស់​តុលាការ​យុត្តិធម៌​​អន្តរជាតិ ICJ និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ PCA ដែលគណៈ​កម្មការ​ផ្សះ​ផ្សា​នៃ​អនុ​សញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រUNCLOS។

បើយោង​តាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា តុលា​ការ​មជ្ឈ​ត្ត​ការ​អចិន្រ្តៃយ៍បានប្រកាសនៅថ្ងៃទី៩ថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៦នេះ គណៈ​កម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា​អង្គ​ការ​សហប្រជា​ជាតិស្តីពីនីតិសមុទ្រUNClOS នឹងបើកកិច្ចប្រជុំលើកទីពីរជាមួយកម្ពុជា និងថៃ​នៅ​ទី​ក្រុង​ឡាអេប្រទេសហូឡង់។ សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា កិច្ចប្រជុំគឺជាជំ​ហាន​ដ៏​សំខាន់​មួយ​ទៀត នៅក្នុងដំណើរការដោយសន្តិវិធី ដែលផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីដោះ​ស្រាយ​ការ​ខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រវាងកម្ពុជា និងថៃ ដោយផ្អែកលើមូលដ្ឋាននៃការពិ ភាក្សា​ប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទីមួយនៅប្រទេសសិង្ហបុរី ហើយ​កិច្ច​ប្រជុំ​លើក​នេះ​នឹង​ផ្តល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍភាពបន្ថែមទៀត និង​រក​ឃើញចំណុចដែលឯកភាពគ្នា ពាក់ព័ន្ធនឹងការកំណត់ដែនសមុទ្រ។

បើ​តាម​សេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ផងដែរថា ឯកឧត្តមប្រាក់ សុខុន ឧបនា យក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុង​នាម​ជា​ភ្នាក់​ងារ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា អមដោយឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុក​រដ្ឋ​លេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​​ជាភ្នាក់ងារ​រង​នឹងដឹកនាំគណៈប្រតិភូមន្រ្តីជំនាញច្បាប់ ចូលរួមកិច្ចប្រជុំខាងលើនេះ។

តាម​រយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់ មូល​ដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី ហើយ​កម្ពុ​ជានឹងចូល​រួម​កិច្ច​ប្រជុំ​នេះ​នៅទីក្រុងឡាអេ ក្នុងស្មារតីស្មោះត្រង់ សហការ និងគោរពគ្នាទៅវិញទៅមក ហើយ​ត្រៀម​ធ្វើ​ការ​ជា​មួយ​គណៈកម្មការផ្សះផ្សា និងប្រទេសថៃ ដើម្បីឈានទៅសម្រេច​បាន​នូវ​លទ្ធ​ផល​មួយ​ប្រក​ប​ដោយយុត្តិធម៌ និងយូរអង្វែង៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia