Connect with us

ព័ត៌មាន

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃសរុបជាង ២លាននាក់

ភ្នំពេញ៖ របាយការណ៍ក្រសួង​ទេសចរណ៍ បានបង្ហាញថា ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុប ២,១៦ លាននាក់ កើនឡើង ០,៨% ធៀបនឹងគ្រាពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចរន្តភ្ញៀវទេសចរក្នុងឱកាសភ្ជុំបិណ្ឌនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ខណៈដែលសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា គឺមានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងតិចតួច។

ឯកឧត្តម មានប្រសាសន៍ថា ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការិនី មានសេចក្តីរីករាយ និងថ្លែងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត។ ជារួម យើងអាចវាយតំលៃបានថា ចរន្តភ្ញៀវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺបានមកពីការជឿជាក់លើរាជរដ្ឋាភិបាល​ពិសេសការធានាបាននូវសុខសុវត្ថិភាពពេញលេញដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស»។

សូមបញ្ជាក់ថា របាយការណ៍ក្រសួង​ទេសចរណ៍ បានបញ្ជាក់ទៀតថា ខេត្តចំនួន៥ ទទួលបានទេសចរច្រើនជាងគេ រួមមាន សៀមរាប កំពត ព្រះសីហនុ កំពង់ឆ្នាំង និងកំពង់ចាម។ ក្នុងនោះ សៀមរាបភ្ញៀវ ទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុប ២៥៦ ៧១៥ នាក់, កំពត ចំនួន ២២៤ ៨៦០ នាក់, និង ព្រះសីហនុចំនួន ១៩៥ ៩៩៤ នាក់ និងកំពង់ឆ្នាំង និងកំពង់ចាម ទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបជាង ៣៣ម៉ឺននាក់៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia