Connect with us

ព័ត៌មាន

សេវារថយន្តក្រុងរដ្ឋបានជួយសម្រួលដល់ដំណើរទេសចរក្នុងស្រុកទៅកាន់បណ្ដាខេត្តនានាដោយក្ដីរីករាយ

ពលរដ្ឋមួយចំនួននៅតាមរាជធានី-ខេត្ត ទទួល​បាន​ឱកាស​ធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ទៅ​តាម​គោល​ដៅ​ទេសចរ​ណ៍ផ្សេងៗ ដោយក្តីសប្បាយរីករាយបំផុត តាមរយៈ​ការ​​ធ្វើ​ដំណើរ​តាម​រថយ​ន្ត​ក្រុង ​ដោយមិនគិតថ្លៃ របស់រាជរដ្ឋាភិបាល។ សេវារថយន្តក្រុងនេះ បានជួយ​ពួក​គេ​ឱ្យ​សល់​សោហ៊ុយ​ដែល​នឹង​ត្រូវចំណាយលើការធ្វើដំណើរនេះទៅប្រើប្រាស់លើតម្រូវការអ្វីផ្សេង។

ពលរដ្ឋ​មកពីតាមខេត្តនានា បានថ្លែងប្រាប់BTV ចំណតរថយន្តក្រុងផ្លូវ២០០៤ ជិត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញចាស់ នៅថ្ងៃទី១២ ខែតុលានេះថា ក្នុងរយៈពេល៥ថ្ងៃមកហើយ ដែល​គេ​បាន​ប្រើ​ប្រាស់​សេវារថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដោយមិនមានការគិតថ្លៃ ធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ទៅ​កាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាដើម ហើយថវិកា​ដែល​សល់​ពី​ការជិះរថយន្តក្រុងដោយមិនគិតថ្លៃនេះ គឺគេបានយក ជួលបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ ទិញ​អាហារ​ហូបចុក ដើរកម្សាន្ត លំហែកាយ នៅតាមគោលដៅទេសចរណ៍នានា និង​បាន​ធ្វើ​ឲ្យ​​គេ​ស្គាល់​ទឹកដី សម្រស់ទេសភាពបៃតងដ៏ស្រស់ស្អាត និងភាពរីក​ចម្រើន​របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានដាក់​ឱ្យប្រើ​សេវាដឹ​ក​ជញ្ជូន​សាធារណៈដោយមិនគិតថ្លៃនេះ ចំនួនប្រមាណ ៦០០គ្រឿង រយៈពេល៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។

បើតាមការ​ឲ្យ​ដឹងពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានដឹងថា គិតចាប់ពីថ្ងៃទី៩ រហូត​ដល់​ថ្ងៃ​ទី១២ ខែតុលា ម្សិលមិញនេះ មានពលរដ្ឋជាង ៩ ១៩០០នាក់ បានធ្វើដំណើរ​តាម​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​អ្នក​ដំណើរដោយមិនគិតថ្លៃនេះ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia