Connect with us

ព័ត៌មាន

យុវជនផុលផុសទៅដាក់ពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធាដោយការស្ម័គ្រចិត្ត និង​បេះដូង​ស្នេហា​ជាតិ

យុវជនបន្តវេន បានបង្ហាញជំហរក្លាហាន និងបេះដូងស្នេហាជាតិ ដោយ​ការ​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ជាតិ ​តាមរយៈ​ការ​បំពេញ​កាតព្វកិច្ចយោធា ដោយមិនគេចវេសឡើយ។

នៅថ្ងៃទី១៣ ខែតុលា នេះ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ការធ្វើដំណើរកម្សាន្តនោះ យុវជន​ជា​ច្រើន​បានបង្ហាញវត្តមាននៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញ ដើម្បី​ដាក់​ស្នើ​សុំចូល​បំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។

មូលដ្ឋានកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញ ក្រោមការដឹក​នាំ​អនុវត្ត​ដោយ​លោក​ឧត្តមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បន្តធ្វើការទទួលពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធារបស់យុវជន។

ជាក់ស្តែង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ទោ ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ, កម្លាំងមន្ត្រីអាវុធហត្ថ បន្ត​កិច្ច​ការ​ងារទ​ទួលពាក្យពីយុវជន យុវនារី ស្ម័គ្រចូលបំពេញកាតព្វកិច្ចយោធា ស្របតាមកា​រ​ជ្រើស​រើស​របស់​គណៈ​កម្មាធិការជាតិកាតព្វកិច្ចយោធា។

យុវជន យុវនារី បង្ហាញភាពក្លាហាន និងគោលជំហរមិនងាករេ ក្នុង​ការ​រួម​ចំណែក​ជា​មួយ​វិស័យ​ការ​ពារ​ប្រទេសជាតិ ដោយចាត់ទុកការបំពេញកាតព្វកិច្ចនេះ ជាការពង្រឹងដុះខាត់ និង​អភិវឌ្ឍន៍​សមត្ថភាព​ផ្ទាល់​ខ្លួនរបស់ពួកគេផងដែរ។

អាណាព្យាបាលយុវជន ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែល​បាន​បើក​ឱកាស​យ៉ាង​ទូលាយ​សម្រាប់​កូន​ៗ​របស់គាត់ ក៏ដូចជាយុវជនទូទៅ បានចូលរួមការពារបូរណភាពទឹកដី ឲ្យនៅគង់វង្ស ប្រឆាំង​ដាច់ខាតពីខ្មាំងសត្រូវឈ្លានពាន ។

គួរបញ្ជាក់ថា ដំណើរការ នៃការទទួលពាក្យ គឺបានចាប់ផ្តើមពីថ្ងៃទី១០មក រហូតដល់ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០២៦ នឹងត្រូវបានបញ្ចប់ទាំងស្រុង សម្រាប់​ការ​ជ្រើស​រើស​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បំពេញ​កាតព្វកិច្ច​យោធាក្នុងឆ្នាំ២០២៦នេះ៕ អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia