ព័ត៌មាន
ដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោគ្រោងបើកការដ្ឋាន ១១ ទីតាំង ក្នុងពេលដំណាលគ្នានៅចុងឆ្នាំនេះ
ភ្នំពេញ៖ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននិងដាក់គ្រឿងចក្រដំណើការសាងសង់ចំនួន ១១ ទីតាំងក្នុងពេលតែមួយ នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៦។ នេះគឺជាជំហានមួយក្នុងការជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏សំខាន់មួយរបស់កម្ពុជា។
ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះព្រែកជីកហ្វូណនតេជោ មានផែនការបើកការដ្ឋាន និងដាក់គ្រឿងចក្រសាងសង់កំណាត់ទី២ នៅពេលទឹកទន្លេស្រក ក្នុងអំឡុងចុងខែវិច្ឆិកា ឬ ដើមខែធ្នូ ឆ្នាំ២០២៦ ដោយមានការដ្ឋានសរុបចំនួន ១១ ទីតាំង បើកដំណើរការព្រមៗគ្នា ចាប់ពីតំបន់ទន្លេបាសាក់ ក្នុងខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តតាកែវ កំពត និងខេត្តកែប។
ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញការអនុវត្តគម្រោងនេះឱ្យសម្រេចតាមផែនការដែលបានកំណត់ ដោយមានគោលដៅបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨។ ឯកឧត្តមមានប្រសាសន៍ថា៖ «នេះគឺជាការប្តេជ្ញាចិត្តរបស់យើង ហើយយើងនឹងខិតខំប្រឹងប្រែងឱ្យគម្រោងនេះសម្រេចបានតាមការគ្រោងទុកនៅឆ្នាំ២០២៨»។
ចំណែកឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់នៅទីតាំងចំនួន ១១ ព្រមៗគ្នា ត្រូវបានរំពឹងថា នឹងជួយពន្លឿនការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យសម្រេចបានតាមផែនការគ្រោងទុកនៅឆ្នាំ ២០២៨។ ទោះជាយ៉ាងណា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Niño) បានធ្វើឱ្យទឹកទន្លេស្រកចុះលឿន ដែលអាចបង្កជាបញ្ហាប្រឈមដល់ការអនុវត្តគម្រោងនេះ។
ឯកឧត្តមបានបន្តថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអន្តរក្រសួងនឹងសហការជាមួយរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលតម្រុយផ្លូវនៃគម្រោងនៅតាមទីតាំងដែលអាចបង្កផលប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដោយសិក្សាជម្រើសប្តូរទិសផ្លូវទៅកាន់តំបន់ដែលមានផលប៉ះពាល់តិចជាងមុន។ចំពោះខេត្តតាកែវ ការងារនេះនឹងត្រូវចុះអនុវត្តជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខ ដើម្បីសម្រួលដល់ការអនុវត្តគម្រោង និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមាន។
ឯកឧត្តម មានប្រសាសន៍ថា ៖«ការបើកដ្ឋានសាងសង់ព្រមគ្នាហ្នឹង នឹងជួយពន្លឿនការអភិវឌ្ឍទៅតាមពេលវេលាដែលបានគ្រោងទុកកន្លងមក ដែលយើងគិតថា ឆ្នាំ២០២៨ អាចនឹងរួចរាល់ ហើយអាចនឹងដំណើរការប្រើប្រាស់បាន។ ដើម្បីពន្លឿនការសាងសង់ នៅថ្ងៃទី១៩ ខាងមុខនេះ ក្រុមការងារអន្តរក្រសួងនឹងធ្វើការចុះកែប្រែនៃគម្រោងប្រព័ន្ធផ្លូវ បានន័យថា ដកតម្រុយចាស់ខ្លះដែលមានផលប៉ះពាល់ច្រើនពេក យើងដូរគម្រោងផ្លូវមកកន្លែងដែលមិនសូវមានផលប៉ះពាល់។ រដ្ឋបាលខេត្តតាកែវ នឹងចុះធ្វើសកម្មភាពនេះនៅថ្ងៃទី១៩ តុលា សប្តាហ៍ក្រោយ។»
ប្រមុខរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុញច្រានគម្រោងនេះឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់ ដើម្បីបានជាឧត្តមប្រយោជន៍ជាតិក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ ឱ្យកាន់តែមានសក្តានុពល និងមានភាពប្រកួតប្រជែងខ្ពស់។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលមានប្រវែងសរុប ១៧២,៦ គីឡូម៉ែត្រ ភ្ជាប់ពីទន្លេមេគង្គទៅកាន់ទន្លេបាសាក់ និងទៅដល់ខេត្តកែបដែលជាតំបន់សមុទ្រ៕





-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣