Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះថា «ទីបំផុត លោក សម រង្ស៊ី បានបង្ហាញ​ច្បាស់​ហើយ​ថា ​គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទ​ប្រកាន់​កម្ពុជា​ថា​ជា​អ្នក​បង្ក​ហេតុ​មុន​ប្រាកដមែន»។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅលោក Nanthawat Samart អតីតអនុប្រធានការិយាល័យព័ត៌មានវិទ្យាជាតិ និង​ជា​អតីត​លេខា​ធិការ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ ​ដែលជាអ្នកនិយាយប្រាប់សារព័ត៌មាន Top News ដោយស្រង់សម្តីលោក​សម រង្ស៊ី ថា «កម្ពុជា​ជា​អ្នក​បាញ់មុន…» នោះឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី បានបង្វែរការបដិសេធថា មិន​ដែល​​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មានណាឡើយក្នុងអំឡុងពី ៦ទៅ៩ខែចុងក្រោយ ក្រៅ​ពី​ប្រព័ន្ធឃោសនារបស់គាត់។

ឯកឧត្តមអ្នកនាំពាក្យបានបន្តថា តាមពិត លោក Nanthawat Samart មិនបានសំដៅថា លោក សម រង្ស៊ី និយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានណាមួយឡើយ តែ​អតីត​មន្ត្រី​ថៃ​រូប​នោះ​បាន​បញ្ជាក់​ថា លោក សម រង្ស៊ី និយាយក្នុងពេលថ្មីៗនេះ ហើយថែមទាំងបានចាត់ទុកសម្តីលោក សម រង្ស៊ី ថាមានតម្លៃសម្រាប់ថៃយ៉ាងខ្លាំងថែមទៀត។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានបដិសេធ​ត្រង់​ទៅ​អតីត​មន្ត្រីថៃដែលជាអ្នកនិយាយទេ តែបានបង្វែរទៅជារឿងផ្សេង។

ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងទៀតថា លោកសម រង្ស៊ី មិនទៅណាឆ្ងាយពីល្បិច​បង្វែរ​សាច់​រឿង​ដើម្បី​គេច​ពីការប្រឈម​មុខ​ជាមួយការពិត ទៅជាការមួលបង្កាច់ បង្កើតរឿងមួយផ្សេងទៀត​ដើម្បី​ទម្លាក់​កំហុសមកលើកម្ពុជា ​និងការពារថៃ តាមទម្លាប់របស់គាត់ និង​ក្រុមរ​បស់​គាត់​នោះ​ឡើយ។​ លោក សម រង្ស៊ី មិនបាននិយាយសូម្បីមួយម៉ាត់ពីផែនការ «​ចក្រពង្សភូវនាថ»​(Chakraphong Phuwanath Plan) ដែលជាការរៀបចំច្បាស់លាស់ និងមាន​ផែន​ការ​ទុក​ជា​មុន​​រប​ស់ថៃដើម្បីឈ្លានបានទឹកដីកម្ពុជាឡើយ។ លោក សម រង្ស៊ី ក៏មិនបាននិយាយ​ពី​ទាហាន​ខ្មែរ​មួយ​រូប​ គឺលោក សួន រោន អាយុ ៤៨ឆ្នាំ ដែលត្រូវបានទាហានថៃលបចូលមកបាញ់សម្លាប់ នៅ​តំបន់​មុំ​បី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ នៅ​លើ​ទឹក​ដី​កម្ពុជា ដែលការបង្ករឿងយ៉ាងធ្ងន់ធ្ងររបស់ថៃនោះដែរ​។ ប៉ុន្តែ លោក សម រង្ស៊ី បែរជា​បង្វែរ​សាច់​រឿង​មួលបង្កាច់ដើម្បីទម្លាក់កំហុសលើកម្ពុជាថាជាអ្នកបង្កហេតុមុនដដែល ដោយបំភ្លេច​ចោល​ទាំង​ស្រុងនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ និងសម្តេចធិបតី ក៏​ដូច​ជា​វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលខិតខំយ៉ាងខ្លាំង និងយកទ្រូង​ទៅ​ពាំង​ដើម្បី​ការ​ពារ​បូរណ​ភាពទឹកដី។

ឯកឧត្តម​ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​បានបញ្ជាក់ថា លោក សម រង្ស៊ី មិនបានបដិសេធ​ត្រង់​ចំពោះ​អ្វី​ដែលអតីតមន្ត្រីថៃនិយាយទេ។ លោក សម រង្ស៊ី ក៏មិនបានសុំទោសប្រជាពលរដ្ឋខ្មែរ និង​មិន​បាន​បង្ហាញសូម្បី​តែបន្តិចនូវវិប្បដិសារីចំពោះអ្វីដែលគាត់បាននិយាយ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី​ នៅតែបន្តចោទថា កម្ពុជាជាអ្នកបង្កហេតុមុនដដែល និងបានបង្ហាញកាន់តែច្បាស់ថា គាត់​ការពារថៃ ហើយ​ប្រឆាំង​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ​ដែល​ប្រជាជាតិ​ខ្មែរ​មិន​អាច​ទទួល​យក​បាន​ឡើយ។ នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថា លោក សម រង្ស៊ី គឺជា​ជន​ក្បត់​ជាតិ​ដោយមិនអាចប្រកែកបាន។​

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាស​បដិសេធជាថ្មីយ៉ាង​ដាច់​អហង្ការ​ចំពោះការចោទប្រកាន់​របស់លោក សម រង្ស៊ី និងសូមថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ក្បត់​ផលប្រយោជន៍ជាតិរបស់បុគ្គលរូបនេះ និង​សូមបញ្ជាក់ជាថ្មីម្តងទៀតថា ភាគី​ថៃ​គឺ​ជា​អ្នក​បាញ់​មុន ហើយកម្ពុជាគឺជាជនរងគ្រោះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia