Connect with us

ព័ត៌មាន

យុវជន និងអ្នកអាណាព្យាបាលបង្ហាញមោនទភាព និងឆន្ទៈមុតមាំក្នុងការរួមចំណែកការពារជាតិ តាមរយៈការចូលកាតព្វកិច្ចយោធា

ភ្នំពេញ៖ ក្រុមយុវជន បង្ហាញឆន្ទៈកាន់តែមុតមាំក្នុងការរួមចំណែកការពារប្រទេសជាតិ តាមរយៈការចូលកាតព្វកិច្ចយោធា ដែលបានបើកឱកាសយ៉ាងទូលាយសម្រាប់ពួកគេ។

តាមរយៈការស្នើសុំពាក្យ និងការទទួលពាក្យ ចូលកាតព្វកិច្ចយោធារយៈពេល ១៣ថ្ងៃកន្លងមកនេះ បណ្តាយុវជន យុវនារីស្ម័គ្រចិត្តគ្រប់អាយុបំពេញកាតព្វកិច្ច ចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ បានបង្ហាញស្មារតី និងឆន្ទៈមុតមាំមិនខុសៗគ្នានោះឡើយ អំពីការប្តេជ្ញាចិត្ត ការស្រលាញ់ និងចិត្តចង់ការពារបូរណភាពទឹកដីរបស់ជាតិ ដោយផ្ទាល់ដៃរបស់ពួកគេ ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថ បន្តការរងចាំទទួលពាក្យពីយុវជនស្ម័គ្រ ដែលបានយកពាក្យទៅបំពេញរួចរាល់ ក្នុងការស្នើសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦នេះ ។

យុវជនយល់ថា ប្រទេសជាតិកម្ពុជាគឺត្រូវចាំបាច់ការពារដាច់ខាតដោយប្រជាជាតិខ្មែរ ហើយក្នុងនាមជាអ្នកបន្តវេនដោយពេញដោយកម្លាំង និងបញ្ញា គឺពុំមានអ្វីត្រូវរារ៉េនោះឡើយ ក្នុងការប្តូរផ្តាច់ដើម្បីការពារជាតិពីខ្មាំងសត្រូវឈ្លានពាន។

យុវជនបានចាត់ទុកពេលវេលា២ឆ្នាំ នៃការបំពេញកាតព្វកិច្ច គឺជាការដុះខាត់ពង្រឹងសមត្ថភាព អភិវឌ្ឍន៍ចំណេះដឹង កាន់តែមានវិន័យ ទទួលបទពិសោធន៍ថ្មី នៃជីវិត ពិសេសបានត្រៀមខ្លួនជាស្រេចសម្រាប់វិស័យការពារជាតិ ។

ស្ត្រីជាម្តាយបង្កើតយុវតីស្ម័គ្រវ័យ ២១ឆ្នាំមួយរូប បានបង្ហាញក្តីមោទនភាពចំពោះកូនស្រី ដែលបានចូលរួមបំពេញកាតព្វកិច្ចជាមួយប្រទេសជាតិ និងអរគុណសម្តេចប្រមុខថ្នាក់ដឹកនាំ ដែលបានបើកឱកាសយ៉ាងទូលាយដល់អ្នកបន្តវេនដែលជាស្ត្រី ក្នុងបុព្វហេតុការពារជាតិ ។

ស្ត្រីជាអាណាព្យាបាលដដែលបន្តថា កងទ័ព គឺជាកម្លាំងការពារជាតិដ៏ធំដែលបង្ហាញពីសក្តានុពលរបស់ជាតិតាមរយៈការចូលរួមបំពេញកាតព្វកិច្ចដ៏មុតស្រួចរបស់យុវជនជំនាន់ក្រោយទាំងអស់ ក្នុងស្មារតីស្នេហា និងស្រលាញ់ជាតិ ។ លោកស្រីបន្ថែមថា មនុស្សស្រីត្បិតជាភេទដែលខ្សោយជាងបុរស តែមនុស្សស្រីក៏មានចំណេះដឹង និងសមត្ថភាព អាចបំពេញកិច្ចការងារសំខាន់ៗមិនចាញ់បុរសនោះឡើយ ពិសេសការរួមចំណែកជាមួយវិស័យការពារប្រទេសជាតិតែម្តង ។

សូមបញ្ជាក់ថា ដំណើរការនៃការទទួលពាក្យ គឺបានចាប់ផ្តើមពីថ្ងៃទី១០ ខែតុលាដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នឹងត្រូវបានបញ្ចប់ទាំងស្រុងសម្រាប់ការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦នេះ៕ អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia