Connect with us

ព័ត៌មាន

អាមេរិកស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជិត ១២ពាន់លានដុល្លារស្មើជាង ៤០% នៃការនាំចេញសរុប

កម្ពុជានាំទំនិញទៅសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជិត ១២ ពាន់លានដុល្លារ អាមេរិក ត្រូវប្រមាណជាង ៤០ ភាគរយ នៃការនាំចេញសរុបទំនិញរបស់កម្ពុជា ដោយទីផ្សារមួយនេះបានបន្តនិន្នាការកើនឡើង ជាលំដាប់ ទោះស្ថិតក្នុងបរិបថសេដ្ឋកិច្ចពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ។

ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការនាំចេញរបស់កម្ពុជាមាន កំណើនកើនឡើងជាបន្តបន្ទាប់ ដោយបានបង្ហាញឱ្យឃើញពីកិច្ចដំណើរល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងស្រុក បាននិងកំពុងជំរុញដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច និងបានបង្កើតនូវទំនុកចិត្តដល់វិនិយោគិន ក្នុងការមក បណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាក់ស្តែងការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នៅក្នុងរយៈពេល៣ត្រីមាស ឆ្នាំ២០២៦ នេះ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ១២,៤ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣០ ភាគរយ បើធៀបនិងឆ្នាំមុន។

ទាក់ទងពាណិជ្ជកម្មសរុបខាងលើនេះ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ប្រមាណជិត ១២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៩ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (ដែលមានប្រមាណជាង ៩,៥ ពាន់លាន ដុល្លារអាមេរិក) ខណៈការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជា មានទឹកប្រាក់ជាង ៤៧៨ លានដុល្លារអាមេរិក កើនឡើងជាង ៦៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (មានជាង ២៨៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ)។

បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ការស្រូបយកទំនិញកម្ពុជារបស់សហរដ្ឋអាមេរិក មិនត្រឹម តែជួយគាំទ្រដល់កំណើននៃការនាំចេញប៉ុណ្ណោះទេ គឺបាននិងកំពុងគាំទ្រដល់វិស័យការងារ ប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចរបស់ កម្ពុជា ហើយតាមរយៈនេះដែរ កម្ពុជានិងសហរដ្ឋអាមេរិកបាននិងកំពុងបង្កើតទំនាក់ទំនងកាន់តែរឹងមាំ និងមានកិច្ចសហប្រតិបត្តិការ ដោយរលូន ដែលនេះបានបង្ហាញនូវចំណងមិត្តភាពយូរអង្វែងរវាងប្រជាជននិងប្រជាជន និងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ជុំវិញការដោះដូរពាណិជ្ជកម្មអន្តរជាតិនេះ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង៥៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២១ ភាគរយ ក្នុងនោះកម្ពុជាមាននាំចេញសរុបមានចំនួនជាង ២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២១ ភាគរយ និងការនាំចូលពីបរទេសកមកម្ពុជា មានទឹកប្រាក់ជិត ៣០ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia