Connect with us

ព័ត៌មាន

ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបឈរជាមួយបណ្តាប្រទេសជាង ៦០ គាំទ្រសេចក្តីប្រកាស «គ្មានកម្រៃ គ្មានការគិតថ្លៃឆ្លងកាត់» (No Fees, No Tolls) ដើម្បីជួយរក្សាផ្លូវសមុទ្រឱ្យមានភាពយុត្តិធម៌

ភ្នំពេញ៖ ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប ឈរជាមួយបណ្តាប្រទេសជាង ៦០ គាំទ្រសេចក្តីប្រកាស «គ្មានកម្រៃ គ្មានការគិតថ្លៃឆ្លងកាត់» (No Fees, No Tolls) ដើម្បីជួយរក្សាផ្លូវសមុទ្រឱ្យមានភាពយុត្តិធម៌។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប ឈរជាមួយបណ្តាប្រទេសជាង ៦០ ដើម្បីរក្សាដែនសមុទ្រឱ្យមានសេរីភាព និងបើកចំហរ ខណៈពេលដែលផ្លូវនាវាចរណ៍អន្តរជាតិជួបការបិទខ្ទប់ ឬការគិតថ្លៃឆ្លងកាត់ វាធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មសកល និងធ្វើឱ្យទំនិញប្រចាំថ្ងៃឡើងថ្លៃ។

ដើម្បីជួយរក្សាផ្លូវសមុទ្រឱ្យមានភាពយុត្តិធម៌ និងងាយស្រួលធ្វើដំណើរ ប្រទេសកម្ពុជា បានចាប់ដៃគូជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសជុំវិញពិភពលោក ក្នុងការគាំទ្រសេចក្តីប្រកាស «គ្មានកម្រៃ គ្មានការគិតថ្លៃឆ្លងកាត់» (No Fees, No Tolls)។

តាមសេចក្ដីប្រកាសរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថាច្រកសមុទ្រដែលប្រើប្រាស់សម្រាប់នាវាចរណ៍អន្តរជាតិ គឺជាខ្សែជីវិតសកលលោក។ នៅពេលដែលច្រកទាំងនោះត្រូវបានបិទខ្ទប់ ឬមានការទាមទារកម្រៃសម្រាប់ការឆ្លងកាត់ នោះសហគមន៍សកលលោក សន្តិសុខ ខ្សែសង្វាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចរួមនឹងត្រូវរងផលប៉ះពាល់។

កាលពីថ្ងៃទី១២ ខែតុលា តំណាងជាន់ខ្ពស់ និងជាអនុប្រធានសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រកាសពីការប្ដេជ្ញាចិត្តជាសកលមួយ ដើម្បីបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ ចំពោះគោលការណ៍សេរីភាពនៃការធ្វើនាវាចរណ៍ និងប្រឆាំងនឹងការដាក់ចេញនូវការបង់ប្រាក់ ឬកម្រៃថ្មីៗនៅក្នុងផ្លូវទឹកអន្តរជាតិ។ សហភាពអឺរ៉ុបបានប្រមូលផ្ដុំដៃគូជុំវិញពិភពលោកដើម្បីរក្សាគោលការណ៍នេះ រួមទាំងនៅក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាផងដែរ។

បច្ចុប្បន្ន ការប្ដេជ្ញាចិត្តនេះត្រូវបានគាំទ្រដោយប្រទេសជាង ៦០ មកពីជុំវិញពិភពលោក – រួមទាំងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans បានថ្លែងថា៖ «ការសម្រេចចិត្តរបស់កម្ពុជាក្នុងការចូលរួមក្នុងការប្ដេជ្ញាចិត្តនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមរបស់យើងចំពោះពហុភាគីនិយម សណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ និងច្បាប់អន្តរជាតិ។ ជារួមការប្ដេជ្ញាចិត្តនេះបង្ហាញថា សហគមន៍អន្តរជាតិប្រឆាំងដាច់ខាតចំពោះវិធានការរើសអើង ការបង់ប្រាក់លើនាវាចរណ៍សមុទ្រ ឬកម្រៃថ្មីៗនៅក្នុងផ្លូវទឹកអន្តរជាតិ ហើយឈរយ៉ាងរឹងមាំរួមគ្នាដើម្បីដែនសមុទ្រសេរី និងបើកចំហ»៕

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia