ព័ត៌មាន
មេបញ្ជាការយោធភូមិភាគទី៥ ជួបពិភាក្សាជាមួយក្រុម AOT បង្ហាញពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយ ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៅខេត្តបាត់ដំបង។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងនូវការស្វាគមន៍ចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា ក្រោមអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីន ដែលបានអញ្ជើញមកកាន់បញ្ជាការដ្ឋានយោធភូមិភាគទី៥ នាពេលនេះ ហើយឯកឧត្តមមេបញ្ជាការ បានសម្តែងនូវការអរគុណយ៉ាងក្រៃលែងចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមករហូតដល់បច្ចុប្បន្ន ក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមមេបញ្ជាការ ក៏បានជម្រាបជូនប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ាន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ផងដែរ។
ជាការឆ្លើយតប ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៃប្រទេសហ្វីលីពីនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់យោធភូមិភាគទី៥ ដែលតែងតែសម្របសម្រួល និងផ្តល់ភាពងាយស្រួលគ្រប់បេសកកម្មទាំងអស់ក្នុងការចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឬចូលរួមជួយលើកិច្ចការសន្តិភាព។
អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានបន្តថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕










-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣