Connect with us

ព័ត៌មាន

គ.ត.ល.ទ. ប្រកាសចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ចំពោះគ្រប់ប្រភេទយានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ចាប់ពីថ្ងៃទី២៣ ខែតុលាខាងមុខនេះតទៅ

ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (គ.ត.ល.ទ.) ប្រកាសចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ចំពោះគ្រប់ប្រភេទយានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ចាប់ពីថ្ងៃទី២៣ ខែតុលាខាងមុខនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ។

គ.ត.ល.ទ. បានជម្រាបជូនដំណឹងដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ថា៖ ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើជាផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងការពារការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ សិល្បការ្យផ្លូវថ្នល់ ព្រមទាំងរួមចំណែកកាត់បន្ថយថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់ និងគ្រោះថ្នាក់ ចរាចរណ៍នៅទូទាំងប្រទេស គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ នឹងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ដោយគ្រប់ប្រភេទយានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ទាំងស្រុង ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ តទៅ។

គ.ត.ល.ទ. បញ្ជាក់ថា ករណីមាន អំពើល្មើស ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ត្រូវទទួលរងនូវការពិន័យដូចមានចែងក្នុងមាត្រា៦០ ថ្មី និងមាត្រាពាក់ព័ន្ធ ដោយពុំមានការលើកលែងឡើយ។

គ.ត.ល.ទ. សង្ឃឹម និងជឿជាក់ថា សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់ រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ឱ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia