Connect with us

ព័ត៌មាន

តំណាងធនាគារ Erebor បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសសហការវិស័យហិរញ្ញវត្ថុនៅកម្ពុជា

សហស្ថាបនិកនៃធនាគារអាមេរិក Erebor បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុ នៅព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ។

លោក Jacob Hirshman សហស្ថាបនិក ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ ហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងជំនួបនោះ, បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ Erebor នៅសហរដ្ឋអាមេរិក និងគំរូអាជីវកម្មរបស់ធនាគារ ដែលផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសសហការ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ ផ្សេងៗផងដែរ។

ជាការឆ្លើយតប, លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ធនាគារ Erebor មកលើទីផ្សារកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលសម្រួលដល់ការធ្វើនវានុវត្តន៍ ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ លោកជំទាវបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើតបរិយាកាសអំណោយ ផល សម្រាប់គាំទ្រដល់នវានុវត្តន៍ហិរញ្ញវត្ថុ ការអនុលោមតាមបទប្បញ្ញត្តិ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា ជុំវិញវិស័យធនាគារនេះ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធ ធនាគារនៅកម្ពុជាមានគ្រឹះធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ជើមានចំនួន ៦១ (ក្នុងនោះធនាគារពាណិជ្ជ ៥៨ និងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុចំនួន ៣), គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ១០៤ (ធនាគារឯកទេសចំនួន ៧ គ្រឹះស្ថានហិរញ្ញវត្ថុមិន ទទួលប្រាក់បញ្ញើ ៨៥ និងគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១២) និងគ្រឹះស្ថានឥណទានជនបទមានចំនួន ៨៨ ។

ចំណែកទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៦ មានកំណើន ២,៥% ដល់ជិត ៤០០ ទ្រីលាន រៀល ត្រូវប្រមាណជិត ១០០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទានអតិថជនកើនឡើង ៤,៦% ដល់ជាង ២៥៧ ទ្រីលានរៀល ត្រូវជាង ៦៤ ប៊ីលានដុល្លារអាមេរិក។ ដោយឡែកប្រាក់បញ្ញើអតិថិជនកើនឡើង ៤,៤% ដល់ជាង ២៧៥ ទ្រីលានរៀល ត្រូវជាង ៦៤ ប៊ីលានដុល្លារអាមេរិក និងដើមទុនមានកំណើន ៣% ដល់ ៤២ ទ្រីលានរៀល ត្រូវជាង ១០ ប៊ីលានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia