Connect with us

ព័ត៌មាន

យុវជនស្ម័គ្រចិត្តចូលកាតព្វកិច្ចយោធា ប្តេជ្ញាពលីការពារអធិបតេយ្យភាពជាតិ

ក្រុមយុវជនស្ម័គ្រចិត្តចូលកាតព្វកិច្ចយោធា បានបង្ហាញជំហរប្តេជ្ញាចិត្តខ្ពស់ ក្នុង​ការ​ប​ន្ត​ការ​ពារ​អធិបតេយ្យ​ភាពជាតិ ដោយហ៊ានពលីសូម្បីអាយុជីវិត ប្រសិនមានខ្មាំងឈ្លានពាន ។

ក្រោមការអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅ​មូល​ដ្ឋាន​កង​រាជ​អាវុធហត្ថខណ្ឌកំបូល ក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេ​បញ្ជា​ការ​អាវុធហត្ថខណ្ឌ កម្លាំងមន្ត្រីអាវុធ នៅបន្តការ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ការ​ទទួល​ពាក្យ​ពី​យុវជន​ស្ម័គ្រចិត្ត ដែលគិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ មានយុវជន យុវនារីជាច្រើន បាន​បន្ត​យកពាក្យទៅដាក់ជូនមន្ត្រីអាវុធហត្ថវិញ ។

ក្រុមយុវជន បានបង្ហាញទឹកចិត្តប្តូរផ្តាច់ ប្រកបដោយស្មារតីមុតស្រួច និងឆន្ទះមុតមាំ ក្នុង​ការ​ការ​ពារ​បូរណ​ភាពទឹកដីកម្ពុជា ក្នុងករណីមានខ្មាំងសត្រូវ ឬរដ្ឋបរទេស​ណាមួ​យ​ចង់​ឈ្លាន​ពាន​ប្រទេស​ជាតិ។

ការប្តេជ្ញាចិត្តខ្ពស់របស់យុវជន ធ្វើឡើង គ្រាដែ​ល​ពួក​គេ​បាន​នាំ​គ្នា​យក​ពាក្យ​ស្នើ​សុំ​ចូល​កាតព្វកិច្ច​យោធា ​ទៅផ្តល់ជូនមន្ត្រីកងរាជអាវុធហត្ថថ្នាក់មូលដ្ឋានវិញ ដើម្បីបន្តនីតិវិធី ក្នុងការចូល​កាតព្វកិច្ច​យោធា ​សម្រាប់ក្របខណ្ឌឆ្នាំ២០២៦នេះ។

យុវជន ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែល​បាន​បើក​ឱកាស​សម្រាប់​ពួក​គេបា​ន​ចូល​រួម​ចំណែក​ជា​មួយ​វិស័យការពារជាតិ និងបានចាត់ទុក ការចូលហ្វឹកហាត់កាតព្វកិច្ច២ឆ្នាំ ជាការដុះខាត់ ពង្រឹង​សមត្ថភាព កាយសម្បទា និងបានត្រៀមខ្លួន និងលក្ខណៈពេញលេញជាស្រេច ដើម្បី​ការ​ពារ​ប្រទេស​ ក្នុងកាលៈទេសៈដែលប្រទេសជាតិធ្លាក់ក្នុងការឈ្លានពានពីរដ្ឋបរទេសណាមួយនោះ ។

គួរជម្រាបថា ការទទួលពាក្យនឹងត្រូវធ្វើឡើងដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ហើយ​បច្ចុប្បន្ន​នេះ​ រាល់យុវជន យុវនារីស្ម័គ្រចិត្តទាំងអស់ដែលឋិតក្នុងវ័យត្រូវបំបេញកាតព្វកិច្ចយោធា ក៏​សុំ​ចូល​កាតព្វ​កិច្ច តាមរយៈការស្នើបំពេញពាក្យតាមប្រព័ន្ធអនឡាញបានផងដែរ តាមរយៈគេហទំព័រ​ផ្លូវ​ការ​របស់​គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ( គ.ក.យ ) ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia