ព័ត៌មាន
សក្តានុពលជំនាញ ធីវ៉េត ទាក់ទាញពលរដ្ឋខ្មែរមកពីអាម៉េរិក ឱ្យមកចាប់ផ្តើមគម្រោងអាជីវកម្មផលិតនំនៅកម្ពុជា
ការសិក្សាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា កំពុងបង្ហាញពីសក្តានុពលកាន់តែខ្លាំង និងបានក្លាយជាស្ពានចម្លងឱកាសយ៉ាងរឹងមាំ មិនត្រឹមតែសម្រាប់សិស្សក្នុងស្រុកប៉ុណ្ណោះទេ សូម្បីតែអាណិកជនខ្មែរដែលរស់នៅក្រៅប្រទេស ក៏បានសម្រេចចិត្តវិលត្រឡប់មកចាប់យកជំនាញ ដើម្បីត្រៀមខ្លួនបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅលើទឹកដីមាតុភូមិវិញផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៦ នៅក្នុងថ្នាក់រៀនជំនាញការផលិតនំ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) អ្នកស្រី ឡុង មូល្លិកា ដែលជាពលរដ្ឋខ្មែរមកពីសហរដ្ឋអាម៉េរិក បានរៀបរាប់ឱ្យដឹងថា ទោះបីជាធ្លាប់រស់នៅលើទឹកដីអាម៉េរិករយៈពេល ២៣ឆ្នាំ ប៉ុន្តែដោយសារក្តីនឹករលឹកក្រុមគ្រួសារ សាច់ញាតិ ជាពិសេសការស្រឡាញ់ចូលចិត្តនៃការធ្វើនំ និងការមើលឃើញពីការរីកចម្រើនយ៉ាងរហ័សនៃវិស័យម្ហូបអាហារ និងហាងនំនៅកម្ពុជា បានជម្រុញឱ្យអ្នកស្រីសម្រេចចិត្តងាកមករៀនជំនាញបន្ថែម។ អ្នកស្រីបានលើកឡើងដោយទឹកមុខសប្បាយរីករាយទៀតថា ក្រោមគម្រោងសិក្សាឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា (ធីវ៉េត ១,៥លាននាក់) ពិតជាមានតម្លៃ និងផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
អ្នកស្រី បានឱ្យដឹងទៀតថា គិតមកដល់ពេលនេះបានរៀនជំនាញការផលិតនំជាមួយកូនស្រី មានរយៈពេលជាងមួយខែមកហើយ ដោយទទួលបានចំណេះ ជំនាញច្រើនគួរសមក្នុងការផលិតនំ ជាពិសេសទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូបណ្តុះបណ្តាល ទោះបីជាការរៀនមិនអស់ប្រាក់ពិតមែន ប៉ុន្តែទាំងថ្នាក់រៀន សម្ភារៈសិក្សា និងការបណ្តុះបណ្តាលគឺមានលក្ខណៈស្តង់ដារ មិនចាញ់នៅប្រទេសគេនោះទេ។ អ្នកស្រី បានបញ្ជាក់ពីគោលបំណងក្រោយចប់ការសិក្សានេះដែរថា គឺមានក្តីស្រម៉ៃចង់បើកហាងនំផ្ទាល់ខ្លួនមួយនៅស្រុកកំណើតវិញ ដោយសារចង់រស់នៅជិតឪពុកម្តាយដែលមានវ័យចាស់ជរា។
លោក ឡៅ តេកវេង គ្រូឯកទេសផលិតនំ នៃវិទ្យាស្ថាន NPIC បានលើកឡើងថា គិតមកដល់ពេលនេះ ជំនាញផ្នែកនំបានបណ្តុះបណ្តាលសិក្ខាកាមជាង ១០ជំនាន់មកហើយ មានទាំងពលរដ្ឋក្នុងស្រុក និងមកពីក្រៅស្រុកមួយចំនួនផងដែរ។ លោកបន្តថា វត្តមានរបស់សិស្សមកពីក្រៅប្រទេស គឺជាមោទនភាព និងជាសក្ខីភាពមួយដែលបង្ហាញថា គុណភាពបណ្តុះបណ្តាលរបស់វិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា កំពុងទទួលបានការជឿជាក់កាន់តែខ្លាំងផងដែរ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1,5M) របស់រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីការរៀនដោយឥតគិតថ្លៃ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏នឹងទទួលបានការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង ដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងអំឡុងពេលសិក្សា។ ក្រៅពីជំនាញការផលិតនំ ក៏មានជំនាញជាច្រើនផ្សេងៗទៀតផងដែរ មានដូចជា៖ វិស័យម្ហូបអាហារ, សំអាងកាយ, ការធ្វើម្ហូបខ្មែរ , ជំនាញបរិក្ខាត្រជាក់ និង ជួសជុលរថយន្តនិងទូរស័ព្ទជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន7 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី