ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ ១សប្តាហ៍ នៅ ៣ប្រទេស
នៅព្រលឹម ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងផ្លែផ្កាជាឧត្តមប្រយោជន៍សម្រាប់ជាតិ ក្រោយពីបានបញ្ចប់ការអញ្ជើញដំណើរទស្សនកិច្ចបំពេញការងារក្រៅប្រទេស រយៈពេលមួយសប្តាហ៍នៅប្រទេសចំនួន៣ អាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។លទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រយៈពេលមួយសប្តាហ៍រួមមាន៖

១៖ ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានចាកចេញពីកម្ពុជា ដើម្បីបំពេញការងារនៅប្រទេសទាំង៣ ខាងលើនេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសពី លោក អ៊ីលហាំ អាលីយ៉េវ ប្រធានាធិបតីអាស៊ែបៃហ្សង់។ សម្តេចមហាបវរធិបតី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភា, លោក អាលី អាសាដូវ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ និងលោក Zakir Hasanov រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់។
បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ក៏បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដែលរៀបចំឡើង ដើម្បីជំរុញការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរ។ វេទិកានេះ មានការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ប្រមាណជា៨០។

នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ក្រៅពីការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA។ ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃវេទិកាតំបន់ដ៏សំខាន់មួយនេះ សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់ និងដោយស្មើភាពនូវគោលការណ៍នានា។ សម្ដេចមហាបវរធិបតី ក៏បានលើកឡើងអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា ជម្លោះនេះគួរត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី និងការសន្ទនា ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានបញ្ជាក់ថា ព្រំដែន និងអធិបតេយ្យ មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬការបង្កើតស្ថានភាពថ្មីនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបប្រជុំទ្វេភាគីជាមួយ លោក សាឌៀរ ហ្សាប៉ារូវ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន, លោក ស្សាវខាត មីស្ស៊ីយូវយេវ ប្រធានាធិបតីអ៊ូសបេគីស្ថាន និងលោក អ៊ីសាក់ ហឺហ្សូក ប្រធានាធិបតីអ៊ីស្រាអែល ក៏ដូចជាជាមួយ អនុប្រធានរដ្ឋវៀតណាម រដ្ឋមន្ត្រីការបរទេសរបស់ចិន និងរុស្ស៊ី ដោយបានផ្លាស់ប្តូរទស្សនៈលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំណងក្នុងវិស័យឯកជន ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

២៖ ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េ៖
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដោយទទួលបានការស្វាគមន៍ និងប្រកបដោយដោយភាពកក់ក្តៅពីសំណាក់ លោក លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ។ មេដឹកនាំទាំងពីរ បានកត់សម្គាល់ពីការវិវត្តន៍រីកចម្រើនដ៏ល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកប្រធានាធិបតី បានចាត់ទុកកម្ពុជា គឺជាដៃគូដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍។
មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ថាមពល ការអប់រំ និងវប្បធម៌។ ជាពិសេសការបន្តជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យបាន១ពាន់លានដុល្លារអាមេរិក។

មេដឹកនាំទាំងពីរ ក៏បានជជែកទៅដល់បញ្ហាតំបន់ និងពិភពលោក។ ពាក់ព័ន្ធជម្លោះព្រំដែនរវាងកម្ពុជា និងថៃ លោកប្រធានាធិបតីតួកគីយ៉េ បានអំពាវនាវឱ្យដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិ។ លោកប្រធានាធិបតី ប្រកាសបន្តជួយដល់ពលរដ្ឋរងផលប៉ះពាល់ពីបញ្ហាជម្លោះនេះ។
នៅតួកគីយ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ។ ក្នុងវេទិកាធុរកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ ដែលមានទំហំដល់ប្រមាណ ៤០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ កើន ១៨ភាគរយធៀបនឹងឆ្នាំ២០២៤។

៣៖ ដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន៖
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោក កាស៊ីម-យូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន។ សម្តេចមហាបវរធិបតី ក៏បានជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន លោក Olzhas Bektenov។
លោក តូកាយ៉េវ បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់ថាមពលបន្ថែមដល់ទំនាក់ទំនងទ្វេភាគី និងបើកទូលាយនូវទស្សនវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកបានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសង្កត់ធ្ងន់ថា មិនធ្លាប់មាននាយករដ្ឋមន្ត្រីកម្ពុជាណាម្នាក់ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថានពីមុនមកនោះទេ។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាទ្វេភាគីជាច្រើន។ ក្នុងនោះ លោកប្រធានាធិបតីកាហ្សាក់ស្ថាន ពលរដ្ឋកាហ្សាក់ស្ថាន មានអាកប្បកិរិយាល្អចំពោះកម្ពុជា ហើយពលរដ្ឋកាហ្សាក់ស្ថានជាច្រើនចង់ទៅទស្សនាប្រទេសកម្ពុជា និងមើលឃើញភាពទាក់ទាញរបស់កម្ពុជា លោកក៏បានអំពាវនាវឱ្យមានការពិភាក្សាអំពីការបង្កើតជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ និងការពង្រីកការផ្លាស់ប្តូរផ្នែកកិច្ចការមនុស្សធម៌។
ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចមហាបវរធិបតី បានឈានដល់ការផ្លាស់ប្តូរឯកសារអនុស្សារណៈយោគយល់គ្នាចំនួន៧រួមមាន៖
១៖ សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។
២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថលកាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម «បច្ចេកវិទ្យាព័ត៌មានជាតិ» ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។
៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកាហ្សាក់ស្ថាន។
៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-កាហ្សាក់ស្ថាន រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងកីឡាកាហ្សាក់ស្ថាន។
៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងព័ត៌មានកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។
៧៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។
ក្នុងដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតទទួលជួបប្រធានក្រុមហ៊ុនរបស់កាហ្សាក់ស្ថានចំនួនពីររួមមាន៖
១៖ ក្រុមហ៊ុន Daubay Production ដែលជាក្រុមហ៊ុនផលិតភាពយន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។
២៖ ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយ ដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍អន្តរជាតិ ព្រមទាំងដៃគូក្នុងវិស័យទេសចរណ៍៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣