Connect with us

ព័ត៌មាន

កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាកម្ពុជា-តួកគីយ៉េ មិនមែនជាកិច្ចសន្យាទិញ-លក់អាវុធ​ឡើយ

ឯកឧត្តម ហ្សង់​ហ្វ្រង់ស័រ តាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បញ្ជាក់ថា កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការយោធារវាង កម្ពុជា និងតួកគីយ៉េ ពុំមែ​ន​ជា​កិច្ច​សន្យា​ទិញ​លក់​អាវុ​ធ​នោះ​ឡើយ គឺជាការបង្កើត​មូល​ដ្ឋាន​ច្បាប់​សម្រាប់​កិច្ច​សហប្រតិបត្តិកា​រ​ដែល​ផ្ដោត​លើ​ការ​បណ្ដុះ​បណ្ដាល ការផ្លាស់ប្ដូរបទពិសោធន៍ និងការកសាងសមត្ថភាព។ ការបញ្ជាក់នេះ ធ្វើឡើងនៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះមរតកតេជោ បន្ទាប់​ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ចប់ដំណើរទស្សនកិច្ចរបស់ នៅ​ប្រទេសចំ​នួន៣ អាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។

ឆ្លើយតបនឹងក្រុមអ្នកសារព័ត៌មាន ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា​គ្មាន​អ្វីដែលត្រូវ​លាក់លៀម​ឡើយ​ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​កិច្ច​ប្រតិបត្តិការ​យោធា​ជា​មួយ​តួកគីយ៉ែដោយ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «ទាំងអស់គ្នាត្រូវយល់ គឺ​ជា​មូលដ្ឋានច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្ដោតជាពិសេសលើការបណ្ដុះបណ្ដាល ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍ និងការកសាងសមត្ថភាព។ និយាយបែបផ្សេង ហើយនេះ​ទាំង​អស់​គ្នា​ត្រូវ​យល់​កិច្ចព្រមព្រៀងនេះ មិនមែនជាកិច្ចសន្យាទិញលក់អាវុធឡើយ»។

ទន្ទឹមនឹងនេះ ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ បានពន្យល់បន្ថែមថា បច្ចុប្បន្នប្រទេសជាដៃគូនានា ជា​ពិសេស​តួកគីយេ បានអភិវឌ្ឍឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យា​ទំនើប​ផ្នែក​យោធា​យ៉ាង​ល្អ​ប្រសើរ​។ ដូច្នេះ ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមានសិទ្ធិពេញលេញក្នុងការយកចិត្តទុកដាក់ និង​រៀន​សូត្រពីបទពិសោធន៍របស់បណ្តាប្រទេសជាមិត្ត និងប្រទេសដៃគូនានា ជាអាទិ៍​គឺ​ប្រទេស​អាស៊ែបៃហ្សង់ និងតួកគីយេ។

ឯកឧត្ដម បានគូសបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចមួយជុំលើកនេះរបស់ សម្ដេចធិបតី ទាំង​នៅ​​អា​ស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន គឺបានផ្ដោតសំខាន់លើទិដ្ឋភាពនយោបាយ និង​ការ​ទូត​ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ក្រៅពីកិច្ចការនយោបាយ និងការទូត ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានរំលេចថា បណ្តា​ប្រទេស​ដែល​សម្ដេចធិបតីបានឆ្លងកាត់ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ជាពិសេស កាហ្សាក់​ស្ថាន និងអាស៊ែបៃហ្សង់ សុទ្ធសឹងជាប្រទេសដែលសម្បូរដោយធនធានថាមពល ឧស្ម័ន​ធម្មជាតិ និងរ៉ែចម្រុះ។ ហេតុដូច្នេះ វិស័យថាមពលបានក្លាយជាប្រធានបទស្នូលមួយ នៃ​ការពិភាក្សាទ្វេភាគីរវាងកម្ពុជា និងភាគីដៃគូ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia