Connect with us

ព័ត៌មាន

ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ

ក្រុមការងារអន្តរក្រសួងរៀបចំភូមិហ្វ្រង់កូហ្វូនី (Village de la Fracophonie) បានឱ្យដឹងថា រហូត​មកដល់ពេលនេះ ការរៀបចំប្លង់ និងការធ្វើផែនការលម្អិតនានា គឺ​ធ្វើ​សម្រេច​បាន​ស្ទើរ​តែ​ទាំង​ស្រុង​តាម​ការ​គ្រោងទុក ការដ្ឋានសាងសង់ ការរៀបចំស្តង់ និងការដំឡើង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​បរិវេណសួនច្បារវត្តបទុមវតី នឹងត្រូវចាប់ផ្តើមរៀបចំនៅចុងសប្តាហ៍ក្រោយ។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា នេះថា នៅពេលនេះ ក្រុម​ការ​ងារ​អន្តរ​ក្រសួង បាននិងកំពុងធ្វើការងារឈានចូលដល់ដំណាក់កាលចុងក្រោយ នៃការ​បញ្ចប់​ប្លង់​មេ ​និងការរចនាទម្រង់លម្អិតនៃការរៀបចំទីតាំងទាំងមូល ហើយចាប់ពី​ចុង​សប្តាហ៍​ក្រោយ​នេះ​ទៅ​ក្រុមការងារ នឹងប្រើពេលចំនួន៣សប្តាហ៍ពេញ បើកការដ្ឋានសាងសង់ភូមិហ្វ្រង់កូហ្វូនី ឲ្យ​ល្អ​ឥត​ខ្ចោះ​ប្រកបដោយសោភ័ណភាព និងសុវត្ថិភាពខ្ពស់ មុនពិធីបើកសម្ភោធជាផ្លូវការ ព្រឹត្តិការណ៍ ​«ភូមិហ្វ្រង់កូហ្វនី»ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ បន្តថា ថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វនី» នឹង​សាង​សង់​សម្រាប់​រៀប​ចំ​កម្ម​វិធី និងសកម្មភាពសំខាន់ៗដូចជា៖ ទី១ រៀបចំទីតាំងពន្លាជាតិ (National Pavilions) សម្រាប់​តាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និង អត្តសញ្ញាណ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​ហ្វ្រង់កូហូនី ដែលមកដល់ពេលនេះ មានប្រទេសជាង​៤០​ហើយ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​រៀបចំ​ស្តង់ពន្លាជាតិរបស់ខ្លួន។ ទី២ រៀបចំទីតាំងស្តង់ពិព័រណ៍ទូទៅ សម្រាប់​តាំង​បង្ហាញ​សមិទ្ធ​ផល​របស់ក្រសួង-ស្ថាប័នរដ្ឋ ផលិតផលពីវិស័យឯកជន ដែលមកដល់ពេ​ល​នេះ​មាន​ស្តង់​ជាង​១០០ បានធ្វើការចុះឈ្មោះរួចរាល់ហើយ ។ ទី៣ រៀបចំទីតាំងភូមិម្ហូបអាហារ សម្រាប់​ផ្តល់​នូវបទ​ពិសោធន៍ភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងអន្តរជាតិ និងផលិត​ផល​ក្នុង​ស្រុក​នានា​ទៀ​ត និងទី៤ រៀបចំទីតាំងសម្ដែងសិល្បៈ និងវប្បធម៌ បង្ហាញទស្សនីយភាពចម្រុះជាតិ និង​អន្តរជាតិ​ជា​រៀងរាល់ថ្ងៃ និងមានការរៀបចំសកម្មភាពអមផ្សេងៗជាច្រើនទៀត។

ពាក់ព័ន្ធ​នឹង​ការរៀបចំភូមិហ្រ្វង់កូហ្វូនីនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ធ្លាប់​លើក​ឡើង​ថា នឹងផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ការជំរុញពង្រីកទីផ្សារផលិតផលក្នុងស្រុក ការ​ស្វែង​រកឱកាសនាំចេញផលិតផលទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វូនី ជាពិសេសទៀតនោះ គឺ​ផ្សព្វ​ផ្សាយ​កម្ពុជាដោយផ្ទាល់នូវគោលដៅទេសចរណ៍សក្តានុពលតំបន់បេតិកភណ្ឌ និង​ផលិតផល ទេសចរណ៍ថ្មីៗ ទៅកាន់ទីផ្សារតាមប្រទេសនិយាយភាសាបារាំង។

សូមបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» គឺជាព្រឹត្តិការណ៍អម ដែល​ធ្វើ​ឡើង​ដើម្បីអបសាទរ កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នៅ​ខែ​ក្រោយ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia