Connect with us

ព័ត៌មាន

កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧

ផ្អែកតាមការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឡើងវិញ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។ នេះ យោងតាម លទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការ

នាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដើម្បីធានាបាននូវភាពជាក់ស្តែងនិយម ក្នុងការវាយតម្លៃការវិវត្តរបស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីធានា ភាពជឿទុកចិត្តបាននៃការរៀបចំគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ព្រមទាំងអនុលោមតាមមាត្រា៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំធ្វើបច្ចុប្បន្នកម្មលើ “ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩» ដោយផ្អែកលើទិន្នន័យ ៩ខែ ឆ្នាំ២០២៦ និងផ្តោតតែលើការវាយតម្លៃឡើងវិញនៃសមិទ្ធកម្ម ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ និងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ សម្រាប់ឆ្នាំ២០២៧។ ផ្អែកតាមការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឡើងវិញ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។

ជារួម រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការកៀរគរចំណូលធ្វើអាទិភាវូបនីយកម្ម និងលើកកម្ពស់ប្រសិទ្ធភាព ចំណាយ ព្រមទាំងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុសាធារណៈដោយប្រយ័ត្នប្រយែង ដើម្បីរក្សាលំហថវិកា និងធានា ចីរភាពហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលមធ្យម៕

 អត្ថបទ៖ KC Virak

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia