Connect with us

ព័ត៌មាន

គណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន

គណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តទាំងស្រុង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ។

តាមរយៈលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន មានមាត្រាចំនួន ៣ និងបរិសិដ្ឋ ចំនួន ១ ដែលក្នុងបរិសិដ្ឋនេះមាន ១៧ជំពូក និង ១៦៩មាត្រា។

ពិធីសារទី២នេះ មានគោលបំណងសំខាន់ៗ រួមមាន ១. ឆ្លើយតបនឹងបរិយាកាសពាណិជ្ជកម្មសកល ២. ធ្វើទំនើបកម្មកិច្ចព្រមព្រៀង និងពន្លឿនការស្តារសេដ្ឋកិច្ច ឡើងវិញ ៣. បង្កើនសេរីភាវូបនីយកម្មទីផ្សារទំនិញ និងកាលានុវត្តភាពសេដ្ឋកិច្ច និង ៤. ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តំបន់ និងការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ អាស៊ានលើកនេះ ក៏រំពឹងថានឹងចូលរួមចំណែកលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់កាន់តែស៊ីជម្រៅ និងទូលំទំលាយរវាងប្រទេសសមាជិកអាស៊ាន និងផ្តល់បរិយាកាសកាន់តែអំណោយផលដល់ខ្សែច្រវាក់ផលិតកម្ម តំបន់ និងកំណើន ព្រមទាំងពង្រឹងសមត្ថភាពនិងភាពធន់របស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម បច្ចុប្បន្ន និងអនាគតផងដែរ។

លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ខាងលើ បញ្ជាក់បន្ថែមថា ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងមូល នឹងទទួលបានអត្ថប្រយោជន៍ពីពិធីសារ ទី២នេះ ដូចជា ១. ជំរុញការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ២. ការបើកទីផ្សារទំនិញបន្ថែមសម្រាប់ តំបន់អាស៊ាន ៣. លើកកម្ពស់ភាពប្រកួតប្រជែងអាស៊ាន ៤. ជំរុញកិច្ចសម្រួលពាណិជ្ជកម្មកាន់តែប្រសើរឡើង ៥. លើកកម្ពស់ការត្រៀមខ្លួនរួចរាល់របស់អាស៊ានសម្រាប់ពាណិជ្ជកម្មអនាគត និង ៦. គាំទ្រដល់បណ្តាប្រទេស អភិវឌ្ឍន៍តិចតួចអាស៊ាន៕

អត្ថបទ៖ KC Virak

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia