ព័ត៌មាន
ព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោកបណ្ឌិត Kenichiro Kashiwase ប្រធានបេសកកម្មសម្រាប់កម្ពុជា និងមីយ៉ាន់ម៉ា។
បន្ទាប់ពីស្វាគមន៍គណៈប្រតិភូ IMF ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍ថា ទោះបីជាស្ថាប័ននានា រួមមាន IMF, ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), AMRO, MSC និងរាជរដ្ឋាភិបាលកម្ពុជា មានទិន្នន័យ និងការវាយតម្លៃខុសគ្នាខ្លះក៏ដោយ ក៏សុទ្ធតែបានព្យាករស្រដៀងគ្នាថា សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងកំណើនយឺតជាងមុន និងអត្រាអតិផរណាខ្ពស់ជាងឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនេះ ការនាំចេញផលិតផលកសិកម្ម និងទំនិញឧស្សាហកម្មនៅតែបន្តកើនឡើង ដែលបានជួយគាំទ្រដល់ចំណូលរបស់ប្រជាកសិករ និងកម្មករ។
លោកបណ្ឌិត Kenichiro Kashiwase បានបញ្ជាក់ថា IMF បំពេញបេសកកម្មវាយតម្លៃសេដ្ឋកិច្ចកម្ពុជាចំនួនពីរដងក្នុងមួយឆ្នាំ ដែលប្រៀបដូចជាការពិនិត្យសុខភាពជាប្រចាំសម្រាប់សេដ្ឋកិច្ចជាតិ។ តាមការវាយតម្លៃរបស់ IMF សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៣,០ ភាគរយ នៅឆ្នាំ២០២៦ ដោយសារបញ្ហាប្រឈមពីបរិយាកាសសេដ្ឋកិច្ចសកល មុននឹងងើបឡើងវិញដល់ ៤,០ ភាគរយ នៅឆ្នាំ២០២៧ ខណៈវិស័យនាំចេញនៅតែបន្តរក្សាសន្ទុះកំណើន។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានលើក ឡើងអំពីផលប៉ះពាល់នៃសង្គ្រាម និងភាពតានតឹងដែលកើតមានក្នុងតំបន់ និងពិភពលោក ដែលបានរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូនទំនិញ បង្កសម្ពាធអតិផរណា និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ និងប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតប លោកបណ្ឌិត Kenichiro Kashiwase បានកត់សម្គាល់ពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងលើកទឹកចិត្តឱ្យបន្តវិនិយោគលើវិស័យអាទិភាព ដូចជា សុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងពង្រឹងអភិបាលកិច្ច ការប្រមូលចំណូលសារពើពន្ធ និងពន្ធគយ និងការពិនិត្យឡើងវិញនូវគោលនយោបាយលើកទឹកចិត្តវិនិយោគ ដើម្បីពង្រឹងសមត្ថភាពទប់ទល់នឹងវិបត្តិនានាពេលអនាគត។
លោកក៏បានកោតសរសើរថា កម្លាំងពលកម្មកម្ពុជាមានសមត្ថភាពរៀនសូត្ររហ័ស និងអាចអភិវឌ្ឍទៅជាកម្លាំងពលកម្មជំនាញខ្ពស់បាន។ IMF ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកញ្ចប់គាំទ្រសម្រាប់ហេដ្ឋារចនាសម្ព័ន្ធគុណភាព ភស្តុភារកម្មទំនើប សន្តិសុខថាមពល និងបរិយាកាសធុរកិច្ចអំណោយ ផល ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការស្វែងរកប្រភពហិរញ្ញប្បទាន និងយន្តការឥណទានដែលមានអត្រាការប្រាក់ទាប ដើម្បីគាំទ្រដល់កសិករ និងសហគ្រាសធុនតូច និងមធ្យម ដែលជាកម្លាំងស្នូលក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។
ថ្នាក់ដឹកនាំព្រឹទ្ធសភាក៏បានបញ្ជាក់អំពីសារៈ សំខាន់នៃកិច្ចការរក្សា និងពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងប្រឈមបញ្ហាជាច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការជំរុញការស្រាវជ្រាវ ដើម្បីជំរុញពិធកម្មដំណាំ និងទំនិញ ព្រមទាំងអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិផលដែលមានសក្តានុពលខ្ពស់ ដូចជា កាហ្វេ កាកាវ និងគ្រាប់ស្វាយចន្ទី។
នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង IMF និងកម្ពុជា ហើយបានលើកទឹកចិត្តឱ្យមានការពង្រឹងកិច្ចសហការ និងការផ្លាស់ប្តូរព័ត៌មានកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន៕












-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន