Connect with us

ព័ត៌មាន

ទិវាហូកា៖ ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលជំនាញថ្មី ខណៈអាជីវកម្មទេសចរណ៍កំពុងមានតម្រូវការកម្លាំងពលកម្ម

នៅថ្ងៃទី២៦ ខែតុលានេះ ក្រសួងទេសចរណ៍ បានប្រារព្វទិវាជំនាញ ហូកាឆ្នាំ២០២៦ ក្រោមប្រធានបទ៖ ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមរយៈការសិក្សាពេញមួយជីវិត។ តាមរយៈគម្រោងហូការនេះ គឺបាននិងកំពុងជំរុញការបណ្តុះបណ្តាលជំនាញថ្មីជូនយុវជនជាច្រើន និងមានការផ្គូផ្គងអាជីវកម្មទេសចរណ៍ដែលមានតម្រូវការបុគ្គលិក ឲ្យយុវជននានានោះទទួលបានឱកាសការងារត្រឹមត្រូវ។

លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគម្រោងហូកា បានថ្លែងថា នៅក្នុងដំណើរការអនុវត្តគម្រោងហូកា រហូតដល់ដំណាក់កាលទី៣នេះ គឺបានបណ្តុះបណ្តាលផ្តល់ការបណ្តុះបណ្តាលជំនាញថ្មី បណ្តុះបណ្តាលអ្នកជំនាញកំពុងបម្រើការងារ និងគ្រូបង្គោលបានជាច្រើនរូប ខណៈតាមការស្រាវជ្រាវ បង្ហាញថាអាជីវកម្មនានានៅក្នុងវិស័យទេសចរណ៍ កំពុងមានតម្រូវការច្រើនបុគ្គលិកមានជំនាញច្រើន ដើម្បីធនាការផ្តល់សេវាកម្មមានភាពគុណភាពខ្ពស់ មានសុវត្ថិភាព និងមានភាពទាក់ទាញ់ នៅក្នុងអាជីវកម្ម ក្នុងវិស័យទេសចរណ៍។

ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា បច្ចុប្បន្នសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អង្គការ និងសមាគម ដៃគូអភិវឌ្ឍទាំងអស់ដែលជាដៃគូក្រសួងទេសចរណ៍ ជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដែលជាយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ស្ត្រី ជនមានពិការភាព ជនជាតិដើមភាគតិច អ្នករស់នៅជនបទនិងតំបន់ដាច់ស្រយាល សិស្សដែលបោះបង់ការសិក្សា និងក្រុមងាយរងគ្រោះផ្សេងទៀតមកទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ស្តង់ដាសមត្ថភាពគុណវិឌ្ឍិជាតិ ឬស្តង់ដាសមត្ថភាពហូកា បានរួមចំណែកបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ថ្មី បានជាង ២ ០០០នាក់ ក្នុងមួយឆ្នាំៗ ឲ្យទទួលបានឱកាសការងារសមរម្យ និងមានកំណើនប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត និងភាពប្រសើរឡើងស្ថានភាពគ្រួសារ។

សូមបញ្ជាក់ថា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្របតាមស្មារតីនៃអនុសារណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការ Swisscontact ។ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក៏កំពុងរៀបចំផែនទីបង្ហាញផ្លូវការបណ្តុះបណ្តាល ហូកា (HoKa Roadmap) ២០២៤-២០២៨ និងផ្តោតលើកម្មវិធីអាទិភាពចំនួន ៦ រួមមាន៖ (១) ការវិភាគតម្រូវការជំនាញ និងកម្លាំងពលកម្ម (២) ជំរុញការបណ្តុះបណ្តាល និងកម្មវិធីបណ្តុះបណ្តាលឆ្លើយតបទៅនឹងទីផ្សារការងារ (៣) លើកកម្ពស់គុណភាពការបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូ (៤) ជំរុញភាពជាដៃគូរជាមួយវិស័យឯកជន និងដៃគូរពាក់ព័ន្ធ (៥) ផ្សព្វផ្សាយជំនាញវិជ្ជាជីវៈដល់ស្រទាប់យុវជន និង(៦) កសាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍។អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia