Connect with us

ព័ត៌មាន

មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញ​ពីការព្រួយបា​រម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មានឡើង

មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​នៅតែកើតមានឡើងដោយសារតែការមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពោល​គឺ​នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ បានបណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ជាង ១ពាន់នាក់ ដែលមានអ្នកស្លាប់រហូតដល់ទៅ ៧០% គឺមិនពាក់មួកសុវត្ថិភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា ការរៀប​ចំ​សិក្ខា​សាលា​ស្តី​ពីសុវត្ថិភាពចរាចរណ៍ជូនដល់ក្រុមអ្នកដឹកជញ្ជូន គឺក្នុងគោល​បំណង​ដើម្បី​ចូល​រួម​ចំណែក​ការ​គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ហើយមួយរយៈចុងក្រោយនេះ តាមរបាយការណ៍ដែលបានឆ្លុះបញ្ចាំងឃើញថា គ្រោះ​ថ្នាក់​ចរាចរណ៍មា​នការកើនឡើង ជាពិសេសក្នុងរយៈពេល ៩ខែ មានអ្នកកស្លាប់ដល់ទៅ ១១៦៩នាក់ ដែល​នេះគឺជា​ការ​ឆ្លុះប​ញ្ចាំង​ថា​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​យក​បាន​នៅ​ការ​គោរព​ច្បាប់​ ស្តីពីចរាចរណ៍ផ្លូវគោក ពោលគឺការប្រើប្រាស់ម៉ូតូមានតួលេខខ្ពស់រហូតដល់ ៨៣% នៃ​គ្រោះថ្នា​ក់ចរាចរណ៍ផ្តើមចេញពីអ្នកប្រើប្រាស់ទោចក្រយានយន្តតែម្តង ដែលមាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ ៧០% គឺមិនពាក់មួកសុវត្ថិភាព។

ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវ​យល់​ដឹង​អំពី​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកុំបើកបរប្រថុយប្រថាន និងត្រូវគោរពច្បាប់ចរាចរណ៍។ ពី​ព្រោះគ្រោះ​ថ្នាក់ចរាចរណ៍ដែលកើតឡើង គឺបង្កដោយការបើកបរក្នុងល្បឿនលឿន ៤៦% និង​មិន​គោរ​ពសិទ្ធិអាទិភាព ២២% នៃគ្រោះថ្នាក់ចរាចរណ៍៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia