Connect with us

ព័ត៌មាន

កម្ពុជាពិព័រណ៍បង្ហាញឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅកម្ពុជា

កម្ពុជារៀបចំពិព័រណ៍ពាណិជ្ជកម្មទឹកស្អាត ដោយដាក់តាំងបង្ហាញនូវឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យា និងបរិក្ខារអេឡិចត្រូមេកានិច ក្នុងដំណើរការផលិតកម្មទំនើបៗ ដល់ប្រតិបត្តិករឯកជនបានសិក្សាស្វែងយល់ និងយកទៅអភិវឌ្ឍន៍ប្រតិបត្តិការអាជីវកម្ម ធានាការ ផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តភាព និងថ្លៃសមរម្យ។

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) លើកឡើងក្នុងសន្និសីទ និង ពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទី៦ ក្រោមប្រធានបទ «នវានុវត្តន៍ថ្ងៃនេះដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក» នេះថា ក្នុង រយៈពេលជាងមួយទសវត្សរ៍កន្លងមក សមាគម CWA បានបន្តធ្វើការជាមួយសមាជិក និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ប្រតិបត្តិករ លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងរួមចំណែកពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ ទោះបីវិស័យនេះមានការរីកចម្រើនក៏ដោយ ក៏នៅតែជួបបញ្ហាប្រឈមជាច្រើនដូចជា ការខ្វះខាតហិរញ្ញប្បទាន ការចំ ណាយលើថាមពល ការបាត់បង់ទឹក ការមិនទទួលបានប្រភពទឹកប្រកបដោយស្ថិរភាព និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

លោកបន្តថា តាមរយៈខាងលើ, ការដោះស្រាយបញ្ហាទាំងនេះទាមទារឱ្យមានការចូលរួម និងសហការយ៉ាងជិតស្និទ្ធពីរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការរៀបចំពិព័រណ៍ពាណិជ្ជកម្មទឹកស្អាត ដែលមានការដាក់តាំងបង្ហាញនូវ ឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យា និងបរិក្ខារអេឡិចត្រូមេកានិចក្នុងដំណើរការផលិតកម្មទំនើបៗនេះ ដើម្បីឱ្យប្រតិបត្តិករឯកជនបាន ស្វែងយល់បន្ថែម និងការទទួលមានហិរញ្ញប្បទានជាដើម ក្នុងគោលដៅយកទៅអភិវឌ្ឍន៍ប្រតិបត្តិការអាជីវកម្មឱ្យកាន់តែប្រសើរ ធានា ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តភាព និងថ្លៃសមរម្យ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកឡើងថា ក្នុងបរិបទនៃការរីក ចម្រើនយ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងយុគសម័យឌីជីថល ការយកចិត្តទុកដាក់លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបនវានុវត្តន៍មិនមែនជាជម្រើសទៀតទេ ប៉ុន្តែគឺជាកាតព្វកិច្ចយុទ្ធសាស្ត្រ ដើម្បីធានាឱ្យបាននូវនិរន្តរភាព លើក កម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែមានគុណភាព និងស័ក្តសិទ្ធភាព សម្រាប់ប្រតិបត្តិករទាំងអស់ ក្នុងការគ្រប់គ្រងការធ្វើប្រតិបត្តិការ ទាំងការគ្រប់គ្រប់ប្រភពទឹកធ្វើប្រព្រឹត្តកម្ម (សម្អាតទឹក), ការតាមដានគុណភាពទឹក, ការបញ្ជូនចែកចាយ, ការតាមដានទឹកបាត់បង់, ការកត់ត្រាការងារអាជីវកម្ម រួមទាំងការងារគ្រប់គ្រងអតិថិជនផងដែរ។

ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងថា រយៈពេលជាងមួយ ទសវត្សរ៍មកនេះ ប្រទេសអូស្ត្រាលីបានក្លាយជាដៃគូនៅក្នុងដំណើរការនេះ តាមរយៈកម្មវិធី «ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ» ដែលពីមុនបន្តអនុវត្តក្រោមគម្រោង «ភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់» ហៅកាត់ថា (CAPRED) ប្រទេសអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានដើម្បីបំពេញគម្លាតហិរញ្ញវត្ថុដល់ប្រតិបត្តិករជាង ៩០។ សកម្មភាពនេះបានជួយ ពួកគេពង្រីកសេវាកម្មទៅកាន់តំបន់នានា ដែលពីមុនមិនអាចធ្វើការវិនិយោគបាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បាននាំមកនូវទឹក ស្អាតតាមបំពង់ដល់ប្រជាជនជាង ១,៣ លាននាក់ ដែលភាគច្រើនរស់នៅក្នុងសហគមន៍ជនបទ និងតំបន់ដាច់ស្រយាល។ បច្ចុប្បន្ន ស្ថានទូតកំពុងប្រើប្រាស់បទពិសោធន៍បន្ថែម ដើម្បីជួយដល់វិស័យនេះ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia