Connect with us

ព័ត៌មាន

សម្ដេចតេជោ៖ ព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រកំពុងបន្តថែរក្សា និងលើកកម្ពស់សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ព្រះរាជសកម្មភាពដ៏មហាវិសេសវិសាលនៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបំពេញព្រះរាជបូជនីយកិច្ច ដើម្បីបន្តថែរក្សា និងលើកកម្ពស់សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជានុរាស្ត្ររួមរស់ប្រកបដោយសុខុមាលភាព សុភមង្គល និងភាពរីកចម្រើន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ តាមរយៈសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២២ព្រះវស្សា។

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរី រាជសម្បត្តិរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងមូល និងសម្ដេចតេជោផ្ទាល់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តសម្តែងនូវអំណរសាទរប្រកបដោយ កតញ្ញូកតវេទិតាធម៌ ស្វាមីភក្តិ និងថ្លែងអំណរព្រះមហាករុណាទិគុណ ព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គឺជាម្លប់ដ៏ត្រជាក់ត្រជំថ្កើងថ្កាននៃអត្តសញ្ញាណជាតិ មាតុភូមិ និង ប្រជានុរាស្ត្រកម្ពុជាទាំងមូល។

សម្ដេចតេជោមានប្រសាសន៍ថា៖«ព្រះរាជសកម្មភាពដ៏មហាវិសេសវិសាលនៃព្រះករុណាព្រះមហាក្សត្របាននិងកំពុងបំពេញព្រះរាជបូជនីយកិច្ច ដើម្បីបន្តថែរក្សា និងលើកកម្ពស់សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជានុរាស្ត្ររួមរស់ប្រកបដោយសុខុមាលភាព សុភមង្គល និងភាពរីកចម្រើន»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ទន្ទឹមនេះ ព្រះករុណា គឺជាមហាក្សត្រ ដែលពោរពេញដោយព្រះរាជហឫទ័យខ្ពស់ក្នុងការកសាងសម្ព័ន្ធភាពជាមួយប្រទេសនានា ដើម្បីបង្ហាញទៅបណ្តាប្រទេស ក្នុងតំបន់ និងអន្តរជាតិ អំពីអច្ឆរិយភាពនៃព្រះរាជាណាចក្រកម្ពុជា និងជាការចងចំណងមិត្តភាពប្រកបដោយភាព ទន់ភ្លន់ ស្មោះត្រង់ និងភាពឆ្លាតវៃនៃវិបុលភាពរួម។

តបតាមព្រះរាជគុណូបការៈដ៏មហាថ្លៃថ្លានេះ សម្ដេចតេជោ មន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ និងប្រជានុរាស្រ្ដ ទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទនកិច្ច ថ្វាយព្រះសព្ទសាធុការពរជ័យបវរមហាប្រសើរ និងលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមយាងបីបាច់ថែរក្សាអភិបាល ប្រោះព្រំប្រទានព្រះរាជសព្ទសាធុការពរជ័យគ្រប់ព្រះប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរ ព្រះជន្មាយុ យឺនយូរ ដើម្បីព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរ គ្រប់រូបតរៀងទៅ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia