Connect with us

ព័ត៌មាន

សមាគមអ្នកចិញ្ចឹមសត្វស្នើសុំអន្តរាគមន៍ទប់ស្កាត់ការនាំចូលសត្វរស់ សាច់សត្វ ពីប្រទេសជិតខាង

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានធ្វើសន្និសីទសារព័ត៌មាន លើកឡើង​អំពីការដាក់សំណើស្នើសុំការ​អន្តរាគមន៍សុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រករបៀងក្នុងខេត្តចំនួន៣ ជាប់ព្រំប្រទល់ប្រទេសវៀតណាម ទប់ស្កាត់ការនាំចូលជ្រូករស់ សាច់បង្កក កូនមាន់ មាន់សាច់ និងស៊ុតមាន់ ដែលនាំចូលខុសច្បាប់ អាចបង្កការប៉ះពាល់ដល់សុខភាពពលរដ្ឋ និងការចិញ្ចឹមសត្វនៅក្នុងស្រុក។

លោក ស៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងក្នុងសន្និសីទសារព័ត៌មានអំពី សំណើរសុំអន្តរាគមន៍ទប់ស្កាត់ ការនាំចូលជ្រូករស់ សាច់បង្កក កូនមាន់ មាន់សាច់ និងស៊ុតមាន់ ខុសច្បាប់ពីប្រទេសវៀតណាមចូលមកកម្ពុជា នៅច្រករបៀងដែលមាន ព្រំប្រទប់ជាប់ខេត្តស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ថា ជុំវិញការនាំចូលសត្វរស់ សាច់បង្កក និងស៊ុតមាន់ពីប្រទេសជិតខាងនេះ បើតាមការអង្កេតរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បច្ចុប្បន្នបានបន្តលួចនាំចូល ដែលជាផលិតផលមានដើមកំណើតពីសត្វចិញ្ចឹមនៅក្នុងប្រទេសវៀតណាម តាមច្រករបៀងដែលមានព្រំប្រទល់ជាប់កម្ពុជា ដោយដឹកចូលតាមរយៈម៉ូតូ រ៉ឺម៉កម៉ូតូ ឆ្លងតាមទូក ចូលមករក្សាទុកក្នុងឃ្លាំង ឬដឹកដាក់ឡាន ដែលមានទីតាំងនៅជិតព្រំដែន ដើម្បីងាយស្រួលចល័ត និងបញ្ជូនបន្តមកកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត។

លោក បន្តថា តាមរយៈការដាក់សំណើរសុំអន្តរាគមន៍ទប់ស្កាត់ខាងលើនេះ គឺសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត សាខាគយ និងរដ្ឋាករកម្ពុជា និងសមត្ថកិច្ចនៅតាមព្រំដែន រឹតបន្តឹងលើការនាំចូលលួចលាក់របស់ឈ្មួញខិលខូចមួយចំនួន និងទប់ស្កាត់ការនាំចូល សត្វជ្រូករស់ សាច់បង្កក កូនមាន់ មាន់សាច់ និងស៊ុតមាន់ខុសច្បាប់គ្រប់ទម្រង់ ដើម្បីជួយការពារ និងទប់ស្កាត់ការប៉ះពាល់ទីផ្សារវិស័យចិញ្ចឹមសត្វក្នុងស្រុក ការបង្ការបញ្ហាប៉ះពាល់សុខភាពប្រជាពលរដ្ឋកម្ពុជា ទប់ស្កាត់ជម្ងឺសត្វឆ្លងដែន និងធានានូវការប្រកួតប្រជែងប្រកបដោយតម្លាភាព និងសមធម៌។ លោក ស៊ុន ពៅ បន្ថែមថា តាមរយៈនៃការការដាក់សំណើរខាងលើនេះ ឃើញថា អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ និងសមត្ថកិច្ចនៅតាមព្រំដែន មានសហការ និងប្តេជ្ញាទប់ស្កាត់ចំពោះការនាំចូលសត្វរស់ សាច់សត្វ និងសាច់បង្កកទាំងនេះ ឱ្យបានជាអតិបរមា។

លោក ស៊ុន ពៅ ថ្លែងឱ្យដឹងថា ការចិញ្ចឹមសត្វនៅកម្ពុជាបាននិងកំពុងរីកចម្រើន ជាពិសេសការចិញ្ចឹមជ្រូក និងមាន់ជាដើម ដោយបានឆ្លើយតបតម្រូវការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ចំណែកនៅក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ តម្លៃសត្វរស់ សាច់សត្វ និង ស៊ុតមាន់ជាដើម បានធ្លាក់ចុះជាគំហុគ ជាក់ស្តែងតម្លៃជ្រូករស់ពីមុន មានតម្លៃ ១២ ០០០ រៀល បច្ចុប្បន្នធ្លាក់មកនៅ ១០ ០០០ រៀល និងតម្លៃមាន់រស់ បច្ចុប្បន្នការលក់ចេញមានតម្លៃត្រឹម ២ ០០០ ទៅ ២ ២០០ រៀល ចំណែកការនាំចេញក្នុងរង្វង់ ១ ៦០០ រៀល ទៅ ១ ៨០០ រៀលប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់ចំណីបានកំពុងបន្តកើនឡើង ដែលបញ្ហានេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការចិញ្ចឹមសត្វនៅក្នុង ស្រុក។ ចំណែកតាមរយៈការដាក់សំណើរសុំអន្តរាគមន៍ខាងលើ លោករំពឹងថា វិស័យចិញ្ចឹមនៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ ឆ្លើយតបតម្រូវការទីផ្សារ និងការផ្គត់ផ្គង់វិស័យម្អូបអាហារនៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia