Connect with us

ព័ត៌មាន

ភ្ញៀវទេសចរអន្តរជាតិ ១៥សញ្ជាតិ នៃនាវា Odyssey ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះ​​ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០០នាក់ មកពី ១៥សញ្ជាតិ រួមជាមួយនាវិក និងក្រុមការងារប្រមាណ ១៥០នាក់ នៃនាវាទេសចរណ៍ Villa Vie Odyssey បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចដ៏ល្អ ការយកចិត្តទុកដាក់ និងការសម្របសម្រួលចាំបាច់នានា ក្នុងអំឡុងពេលដែលនាវាទេសចរណ៍នេះកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដោយទទួលបានអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម សាមុត សុធារិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យករណីនាវា Villa Vie Odyssey ដែលជួបបញ្ហាប្រេងដើម្បីបន្តដំណើរ ព្រមទាំងបានចុះសាកសួរសុខទុក្ខផ្ទាល់ ស្តាប់ក្តីកង្វល់ និងសំណូមពររបស់ភ្ញៀវទេសចរអន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងឆ្លើយតបចំពោះតម្រូវការចាំបាច់នានា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គ្រប់ផ្នែក និង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធ ជាពិសេសឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម និង ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តល់កិច្ចសហការយ៉ាងសកម្មផងដែរ។

បន្ទាប់ពីការពិភាក្សា និងវាយតម្លៃស្ថានភាពជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង ស្ថាប័នមានសមត្ថកិច្ច បានចាត់តាំងក្រុមការងារសម្របសម្រួល និងបានដាក់ចេញនូវវិធានការចាំបាច់ និងទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការទទួលបានព័ត៌មាន និងការផ្តល់សេវាកម្មចាំបាច់ផ្សេងៗ ដោយផ្តោតជាសំខាន់លើ សុវត្ថិភាព សុខុមាលភាព ផាសុកភាព និងភាពកក់ក្តៅរបស់ភ្ញៀវទេសចរអន្តរជាតិគ្រប់រូប។ សម្រាប់កម្ពុជា ភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែជាអ្នកមកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភក្តិដែលត្រូវទទួលបានការគោរព ការយកចិត្តទុកដាក់ និងភាពកក់ក្តៅ ជាពិសេសនៅពេលដែលពួកគេជួបប្រទះការលំបាក។

ក្នុងឱកាសនោះ ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជានាវិក និងក្រុមការងាររបស់នាវា បានសម្តែងនូវក្តីរំភើប ការដឹងគុណ និងទំនុកចិត្តចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ ពួកគាត់ក៏បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរអំពីសម្រស់ធម្មជាតិ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។ គួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ភ្ញៀវទេសចរអន្តរជាតិមួយចំនួនបានឆ្លៀតឱកាសបន្តដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរ កោះ និងគោលដៅទេសចរណ៍ជុំវិញខេត្តព្រះសីហនុ ខណៈដែលមួយចំនួនទៀតបានបន្តដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ។ ភ្ញៀវទេសចរមួយចំនួនក៏បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងវិលត្រឡប់មកទស្សនាកម្ពុជាជាថ្មីម្តងទៀតនាពេលអនាគត។

ការយកចិត្តទុកដាក់របស់កម្ពុជាចំពោះនាវា Odyssey នាពេលនេះ ក៏បានរំលេចឡើងវិញនូវកេរដំណែលមនុស្សធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលពិភពលោកបានចងចាំតាមរយៈព្រឹត្តិការណ៍ទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ នៅពេលនោះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងទឹកចិត្តមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីនាវានេះបានជួបប្រទះការលំបាកក្នុងការស្វែងរកកំពង់ផែចូលចត ដោយសារការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩។ កាយវិការប្រកបដោយមនុស្សធម៌នេះបានទទួលការកោតសរសើរពីមជ្ឈដ្ឋានអន្តរជាតិ និងបានធ្វើឱ្យសារដ៏មានអត្ថន័យ «កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ» (A Small Country with a Big Heart) ក្លាយជានិមិត្តរូបនៃសាមគ្គីភាព និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។

សកម្មភាពទាំងនេះបានចូលរួមពង្រឹងកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមស្មារតី «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia