ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល បើកសិក្ខាសាលាផ្សព្វផ្សាយនិយាមជាតិស្តីពីការពិនិត្យ ព្យាបាលជំងឺមហារីកមាត់ស្បូន
ឯកឧត្តមសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនិយាមជាតិ ស្តីពីនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្ត HPV ព្រមទាំងសៀវភៅមគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន ដែលជាឯកសារបច្ចេកទេសដ៏មានសារៈសំខាន់សម្រាប់គាំទ្រ ដល់ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលនៅកម្ពុជា, នាព្រឹកថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានថ្លែងថា ជំងឺមហារីកមាត់ស្បូន គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ជំងឺនេះអាចកាត់បន្ថយហានិភ័យ និងអាចបង្ការការវិវត្តទៅជាជំងឺមហារីកបាន តាមរយៈការចាក់វ៉ាក់សាំងបង្ការវីរុស HPV ការពិនិត្យរកជំងឺឱ្យបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការផ្តល់ការព្យាបាលសមស្រប។ ក្នុងន័យនេះ ការពង្រឹងសេវាពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយប្រើការធ្វើតេស្តវីរុស HPV គឺជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ និងការរកឃើញជំងឺនៅដំណាក់កាលដំបូង។ ជាពិសេស ការរៀបចំប្រព័ន្ធសេវាឱ្យមានភាពងាយស្រួលក្នុងការទទួលបាន ការធានាគុណភាពនៃការធ្វើតេស្ត និងការតាមដានអ្នកជំងឺជាបន្តបន្ទាប់ គឺជាកត្តាចាំបាច់ ដើម្បីធានាថាស្ត្រីគ្រប់រូប ជាពិសេសស្ត្រីនៅតំបន់ជនបទ និងសហគមន៍ ទទួលបានសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌។
ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ថា សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការកំណត់ស្តង់ដាបច្ចេកទេស និងនីតិវិធីគ្លីនិកច្បាស់លាស់ ស្របតាមបរិបទសុខាភិបាលកម្ពុជា។ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសដ៏សំខាន់សម្រាប់ពង្រឹងការយល់ដឹង និងបង្កើតការឯកភាពគ្នារួម លើការអនុវត្តសេវាពិនិត្យ និងបង្ការជំងឺមហារីកមាត់ស្បូនតាមតេស្ត HPV នៅទូទាំងប្រទេស។
ដើម្បីឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលជាក់ស្តែង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដូចខាងក្រោម៖ 1) ថ្នាក់ដឹកនាំ និងអង្គភាពជំនាញថ្នាក់ជាតិ ត្រូវបន្តដឹកនាំ និងគាំទ្រការផ្សព្វផ្សាយនិយាមជាតិ ការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងការតាមដានការអនុវត្តស្របតាមស្តង់ដារដែលបានកំណត់។ 2) មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវរៀបចំផែនការផ្សព្វផ្សាយ និងអនុវត្តឯកសារបច្ចេកទេសទាំងនេះ នៅគ្រប់មូលដ្ឋានសុខាភិបាលក្រោមឱវាទ ព្រមទាំងពង្រឹងការត្រួតពិនិត្យ និងការគាំទ្របច្ចេកទេសជាប្រចាំ។
3) មណ្ឌលសុខភាព ត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាឱ្យបានត្រឹមត្រូវ ផ្តល់ការប្រឹក្សាដល់ស្ត្រីដោយគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ រក្សាការសម្ងាត់នៃព័ត៌មានសុខភាព និងធានាការបញ្ជូនអ្នកជំងឺទៅទទួលសេវាបន្តនៅពេលចាំបាច់។
4) សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ សូមបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងការកសាងសមត្ថភាព ដើម្បីរួមចំណែកពង្រឹងការបម្រើសេវាបង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕ អត្ថបទ រដ្ឋា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន22 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ