Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ ឯកសារបណ្ណសារជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និងចំណេះដឹងជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍សង្កត់ធ្ងន់ថា ឯកសារបណ្ណសារជាតិ និងបណ្ណាល័យជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលមិនអាចខ្វះបាន។

សម្ដេចធិបតី មានប្រសាសន៍សង្គត់ធ្ងន់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នៅព្រឹកថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

សម្តេចធិបតី មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្សទាំងឯកសាររូបវន្ត និងការធ្វើឌីជីថលតូបនីយកម្ម ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។

សម្ដេចបានសង្កត់ធ្ងន់ថា ជាខ្សែច្រវាក់នៃការចងចាំរបស់ជាតិ បណ្ណសារ និងបណ្ណសារដ្ឋានជាតិ គឺជាទ្រព្យសម្បត្តិ និងជាខណ្ឌខ្សែច្រវាក់នៃការចងចាំរបស់ជាតិដែលមិនអាចឱ្យបាត់បង់ ឬខូចខាតបានឡើយ។ សម្ដេចបានប្រៀបធៀបតាមរយៈសុភាសិតខ្មែរថា «ដើមឈើមានឫស ទើបឈរបានមាំ»។ ពាក់ព័ន្ធនឹងការអភិរក្សបែបប្រពៃណី និងឌីជីថលនេះ ណែនាំដល់ក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវតែរួមគ្នាខិតខំថែរក្សា និងអភិរក្ស ទាំងឯកសាររូបវន្ត (លក្ខណៈដើម) និងការធ្វើបរិវត្តកម្មឌីជីថល (Digitalization)។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ឯកសារបណ្ណាសារទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវ៖ ការរក្សាទុកឯកសារទាំងនេះ គឺដើម្បីផ្ដល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កូនចៅជំនាន់ក្រោយក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីប្រវត្តិសាស្ត្រពិតជាក់ស្ដែង។ សម្ដេចបន្ថែមថា បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិបានក្លាយជាទីតាំងបេតិកភណ្ឌជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យ និងបូរណភាពទឹកដី៕

 

 

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia