Connect with us

ព័ត៌មាន

សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភានាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។​

ថ្លែងក្រោយបញ្ចប់ជំនួបនេះ អ្នកនាំពាក្យព្រឹទ្ធសភាឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងឱកាសនៃជំ នួបនេះឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរាយការណ៍ជូនសម្ដេចតេជោអំ ពីវឌ្ឍនភាពរបស់សហព័ន្ធ ក៏ដូចជាផែនការអភិវឌ្ឍបន្តទៀត ដើម្បីលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ។

ឯកឧត្ដមបន្តថា ក្នុងឱកាសនោះដែរលោក ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាពរបស់សមាគមចាប់តាំងពីពេលបង្កើតមក ហើយនិងទិសដៅបន្តរបស់សមាគមក្នុងការអនុវត្ត ដើម្បីធ្វើយ៉ាងណាឱ្យជនជាតិខ្មែររស់នៅប្រទេសជប៉ុនទាំងអស់មានការរួបរួមសាមគ្គីគ្នាក្នុងមហាគ្រួសារខ្មែរតែមួយ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោមានក្ដីរីករាយដោយបានដឹងអំពីវឌ្ឍនភាពរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដែលមានការរីកចម្រើនជាបន្តបន្ទាប់។

សម្ដេចតេជោក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដើម្បីឱ្យដំណើរការកាន់តែល្អនៅពេលបន្តបន្ទាប់ទៀត ដោយសម្ដេចតេ ជោបានបញ្ជាក់ថា ការបង្កើតឡើងជារឿងដែលលំបាកទៅហើយ ហើយអ្វីដែលកាន់តែលំបាកទៅទៀ តនោះ គឺការធ្វើឱ្យមាននិរន្តរភាពនៃស្ថាប័ននោះ។

សម្ដេចតេជោបានលើកទឹកចិត្ត និងឱ្យប្រតិភូទាំងអស់បន្តខិតខំប្រឹងប្រែងនៅក្នុងការងាររបស់ខ្លួនទាំងក្នុងក្របខណ្ឌសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនបន្ថែមទៀត។

សម្ដេចតេជោបានជូនពរដល់ប្រធានស្ថាប័នទាំងពីរ ឱ្យទទួលបានជោគជ័យ៕

ដោយ៖ គង់ ឌិន

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia