Connect with us

ព័ត៌មាន

អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា

ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Randy Cassingham ដែលជាអ្នកដំណើរជនជាតិអាមេរិកមួយ​រូប នៅលើនាវាទេសចរណ៍ Villa Vie Odyssey បានរិះគន់សារព័ត៌មានថៃ Khaosod English ដែលបានយកឈ្មោះ និងរូបថតរបស់លោក ទៅប្រើប្រាស់​ក្នុងអត្ថបទមួយ នៅលើបណ្ដាញសង្គម Facebook ដែល​លោកចាត់ទុកថា ជា «ការឃោសនា» ខណៈ​ពេល​ដែល​រូប​លោក​បានសម្តែងការដឹងគុណចំពោះទឹកចិត្តដ៏​ល្អប្រពៃ​ និងបដិសណ្ឋារកិច្ចដែលលោក​ទទួលបានពីប្រជាជនកម្ពុជា។

យ៉ាង​ណាក្ដី ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្ដាញ​សង្គម Facebook នៅ​ថ្ងៃទី៤ ខែវិច្ឆិកានេះ​ លោក Cassingham បានបញ្ជាក់ថា លោក​នៅតែដឹងគុណ ចំពោះក្រុមគ្រូពេទ្យ នៅប្រទេសថៃ ដែលបានព្យាបាលជំងឺមហារីករបស់លោក​ ដោយលោក​បានឱ្យដឹងថា រូប​លោក​ទើបតែបញ្ចប់ការព្យាបាលដោយកាំរស្មី នៅទីនោះ កាលពីមួយខែមុននេះបន្តិច​។

លោក​បានសរសេរថា៖ «ខ្ញុំដឹងគុណចំពោះគ្រូពេទ្យ នៅថៃ ដែលបានព្យាបាលជំងឺមហារីកឱ្យខ្ញុំ។ ខ្ញុំទើបតែបញ្ចប់ការព្យាបាលដោយកាំរស្មីនៅទីនោះ កាលពីមួយខែមុន។ ប៉ុន្តែខ្ញុំមានការខឹងសម្បា ដែលឈ្មោះ និងរូបភាពរបស់ខ្ញុំត្រូវបានគេយកទៅប្រើប្រាស់ ក្នុងគោលបំណងឃោសនា។ នេះគឺជាទង្វើដ៏គួរឱ្យអាម៉ាស់ខ្លាំង​ណាស់​»។

ការរិះគន់នេះកើតឡើងបន្ទាប់ពីសារព័ត៌មាន Khaosod English បានបង្ហោះនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី១ ខែវិច្ឆិកា ដោយមានភ្ជាប់រូបថតរបស់លោក Cassingham និងភរិយារបស់លោកឈ្មោះ Kit ព្រមទាំងមានការដកស្រង់សម្តីដែលពណ៌នាថា អ្នកដំណើរទាំងនោះកំពុង «ជាប់នៅក្នុងមជ្ឈមណ្ឌលឆបោក​»។ ការបង្ហោះនោះបានបញ្ជាក់ថា ការពណ៌នានេះ គឺដកស្រង់ចេញពីសារព័ត៌មាន Financial Times។

លោក Cassingham បានបញ្ជាក់ថា ពាក្យថា «ទីក្រុងឆបោក​» នេះ គឺត្រូវបានលើកឡើងដំបូងដោយសារព័ត៌មាន Financial Times ហើយលោក​មិនធ្លាប់បានឮការអះអាងបែបនេះទេ មុនពេលមានគេយកមកប្រាប់​លោក​​​។

ទោះបីជារូប​លោក​មិនពេញចិត្ត ចំពោះការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនេះក៏ដោយ ក៏​លោក Cassingham បានសម្តែងសេចក្ដី​សោមនស្ស​ ចំពោះការទទួលស្វាគមន៍ និងការយកចិត្តទុកដាក់ដែលរូប​លោក​ទទួលបាន នៅប្រទេសកម្ពុជា ដោយលោក​បានសរសេរថា៖ «ប្រជាជនខ្មែរទាំងអស់ដែលខ្ញុំបានជួប គឺមានភាពថ្លៃថ្នូរ រួសរាយរាក់ទាក់ មានចិត្តល្អ និងតែងតែជួយយកអាសារពួកយើងទាំងអស់គ្នា»។

គួរបញ្ជាក់ថា យោងតាមក្រសួងទេសចរណ៍ នាវា Villa Vie Odyssey បានចាកចេញពីប្រទេសកម្ពុជាដោយសុវត្ថិភាព នៅអំឡុងយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ខណៈដែលភ្ញៀវទេសចរបរទេសមួយចំនួនដែលមកជាមួយនាវានេះ នៅបន្តស្នាក់នៅ និងទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia